(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Moderna បានប្រកាសឲ្យដឹង នៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនអាចនឹងបញ្ចេញទិន្នន័យបានមកពី ការធ្វើតេស្តវ៉ាក់សាំងបង្ការ COVID-19 លើក្មេងៗស្ថិតក្នុងក្រុមអាយុ ២ឆ្នាំ ដល់ ៥ឆ្នាំ នៅក្នុងខែមីនា ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។

សេចក្តីប្រកាសរបស់ Moderna បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើទិន្នន័យនោះទទួលបានការគាំទ្រ និងពិភាក្សាតាមផ្លូវច្បាប់, ក្រុមហ៊ុន Moderna នឹងអាចដាក់ចេញនូវវ៉ាក់សាំង (បង្ការជំងឺ COVID-19) សម្រាប់កុមារអាយុ ២ឆ្នាំ ដល់ ៥ឆ្នាំ នៅពេលបន្ទាប់ពីនោះ»

គួរបញ្ជាក់ថា ប្រភេទវ៉ាក់សាំងចាក់ជំរុញប្រព័ន្ធភាពសុំា (mRNA) របស់ក្រុមហ៊ុន Moderna កន្លងមកនេះបានទទួលការអនុម័តឲ្យប្រើប្រាស់រួចទៅហើយ នៅបណ្តាប្រទេសអឺរ៉ុប, ចក្រភពអង់គ្លេស, អូស្ត្រាលី និងកាណាដាជាដើម ទៅលើក្រុមមនុស្សអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ហើយក្រុមហ៊ុនក៏កំពុងស្នើសុំការចាក់ សម្រាប់ក្មេងៗអាយុចាប់ពី ៦ឆ្នាំ ដល់ ១១ឆ្នាំផងដែរ។

ដោយឡែក សម្រាប់នៅសហរដ្ឋអាមេរិកវិញ រដ្ឋបាលឱសថ និងចំណីអាហារ (FDA) បានអនុម័តវ៉ាក់សាំង Moderna សម្រាប់ប្រើប្រាស់តែទៅលើមនុស្សអាយុចាប់ ១៨ឆ្នាំឡើងទៅប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុននេះមិនទាន់ទទួលបានការអនុម័ត ឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន ចំពោះកុមារនៅសហរដ្ឋអាមេរិកនៅឡើយទេ៕