(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាមេរោគ COVID-19 បំប្លែងថ្មីអូមីក្រុង មិនបង្កឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ដូច ឬខ្លាំងជាងមេរោគបំប្លែងថ្មី Delta នោះទេ ប៉ុន្តែវានៅតែអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ ប្រមុខអង្គការ WHO លោក Tedros ក៏បានបញ្ជាក់ដែរថាមកទល់នឹងសព្វថ្ងៃ មានប្រទេសច្រើនជាង៩០ ដែលមិនទាន់សម្រេចបាន ការចាក់វ៉ាក់សាំងបង្ការតាមគោលដៅកំណត់ ដែលតម្រូវឱ្យបានយ៉ាងហោច ៤០ភាគរយនៃប្រជាជនសរុបរបស់ពួកគេនោះទេ ខណៈច្រើនជាង៨៥ភាគរយនៃប្រជាជន នៅក្នុងតំបន់អាហ្វ្រិក នៅមិនទាន់បានចាក់វ៉ាក់សាំង សូម្បីតែមួយដូស។

គួរបញ្ជាក់ថា បើតាមអង្គការ WHO ភាគច្រើននៃអ្នកជំងឺ COVID-19 ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅជុំវិញពិភពលោក គឺជាអ្នកមិនទាន់បានចាក់វ៉ាកសាំង បង្ការ ហើយប្រសិនបើករណីឆ្លងនៅតែបន្តកើនឡើង នោះវាអាចនឹងលេចចេញនូវមេរោគបំប្លែងថ្មីដទៃទៀតជាបន្តបន្ទាប់ ដែលមានភាពកាចសាហាវខ្លាំងជាងអូមីក្រុង ក៏ថាបាន៕