Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិន៖ ការចង់បានឯករាជ្យរបស់តៃវ៉ាន់ នឹងនាំទៅរកក្តី «វិនាស» ដែលមិនអាចវិលវិញ (Video inside)

12-01-2022 16:06

(ប៉េកាំង)៖ អ្នកនាំពាក្យនៃការិយាល័យរបស់ក្រុមប្រឹក្សារដ្ឋចិន ទទួលបន្ទុកកិច្ចការតំបន់តៃវ៉ាន់ បានលើកឡើងជាថ្មីម្តងទៀត នៅដើមឆ្នាំ២០២២ នេះថា ការចង់បានឯករាជ្យសម្រាប់កោះតៃវ៉ាន់នោះ នឹងនាំទៅរកក្តីវិនាស ដែលគ្មានថ្ងៃអាចបកត្រឡប់ក្រោយវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។

លោកស្រី ជូន ហ្វឹងលៀន (Zhu Fenglian) ដែលជាអ្នកនាំពាក្យប្រចាំនៅ ការិយាល័យខាងលើនេះ បានលើកឡើងថា គណបក្សកាន់អំណាចនៅតៃវ៉ាន់ (DPP) កំពុងតែបង្កើតឲ្យមានភាពភាន់ច្រឡំដែលមិនច្បាស់លាស់ ពាក់ព័ន្ធនឹងការពឹងផ្អែកលើសហរដ្ឋអាមេរិកឲ្យជួយខ្លួន ចំពោះមុនស្ថានការណ៍នៅតំបន់ច្រកសមុទ្រតៃវ៉ាន់។

អ្នកនាំពាក្យចិនរូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «បើតាមការពិតនោះ ប្រជាជននៅតៃវ៉ាន់កំពុងព្រួយបារម្ភថា អ្វីដែលសហរដ្ឋអាមេរិកខ្វាយខ្វល់បំផុត គឺទៅលើផលប្រយោជន៍ និងតម្រូវការនានារបស់ខ្លួនឯងតែប៉ុណ្ណោះ... ហើយចេតនារបស់គណបក្ស DPP ក្នុងការគប់គិតជាមួយកងកម្លាំងបរទេស ដើម្បីទាមទារឯករាជ្យដោយប្រើប្រាស់កម្លាំងនោះ នឹងត្រូវទទួលបរាជ័យ»

គួរបញ្ជាក់ថា នេះគឺជាសារក្រើនរំលឹកថ្មីមួយទៀត ដោយអាជ្ញាធរទីក្រុងប៉េកាំងចំពោះតៃវ៉ាន់ ខណៈស្ថានការណ៍នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ នៅតែបន្តស្ថិតក្នុងភាពតានតឹង។ កោះតៃវ៉ាន់ដែលចិនចាត់ទុក ត្រឹមតែជាតំបន់មួយរបស់ខ្លួននោះ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានអនុម័តថវិកាជាតិបន្ថែម ដើម្បីពង្រឹងវិស័យយោធារបស់ខ្លួនប្រមាណ ៨.៦ពាន់លានដុល្លារអាមេរិក ទុកសម្រាប់ប្រើប្រាស់រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២២ នេះតទៅហើយ បន្ថែមពីលើកញ្ចប់ថវិកាយោធាប្រចាំឆ្នាំ ១៧ពាន់លានដុល្លារ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់រួចទៅហើយ សម្រាប់ឆ្នាំ២០២២នេះ៕