(ប៉េកាំង)៖ «កេនយ៉ានិងអាហ្វ្រិកត្រូវការមិត្តភក្តិ ដែលរីករាយធ្វើកិច្ចសហប្រតិបត្តិការជាមួយយើង និងសម្រេចគោលដៅ និងគោលបំណងរបស់យើង»។នៅពេលអញ្ជើញចូលរួមពិធីបិទបញ្ចប់ការសាងសង់កំពង់ផែ ផ្ទុកប្រេងកាតក្រុងម៉មបាសា ដែលទទួលសាងសង់ដោយភាគីចិនជាមួយលោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ដែលទៅបំពេញទស្សនកិច្ច នៅប្រទេសកេនយ៉ា នាពេលថ្មីៗកន្លងទៅនេះ លោក Uhuru Kenyatta ប្រធានាធិបតីកេនយ៉ា បានកោតសរសើរប្រទេសចិន ដែលបានគាំទ្រការអភិវឌ្ឍរបស់កេនយ៉ា ព្រមទាំងចាត់ទុកប្រទេសចិនជា «មិត្តភក្តិដ៏ពិតប្រាកដ»។
ដូចផ្លូវដែកពីក្រុងម៉មបាសាដល់ក្រុងណៃរ៉ូប៊ីអ៊ីចឹង កំពង់ផែផ្ទុកប្រេងកាតក្រុងម៉មបាសា ក៏ជាសំណង់ជានីមិត្តសញ្ញា ក្នុងការស្តារសេដ្ឋកិច្ចជាតិកេនយ៉ាឡើងវិញ។ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់កំពង់ផែថ្មី នឹងអាចសន្សំសំចៃថ្លៃហួសពេលកំណត់ដឹកជញ្ជូនប្រេងកាតលើសពី ១១០លានយាន់ប្រាក់ចិន ឱ្យកេនយ៉ាជារៀងរាល់ឆ្នាំ។ នេះជាសមិទ្ធផលដ៏លេចធ្លោមួយទៀតក្នុងការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» រវាងចិននិងអាហ្វ្រិក។
ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមករា រដ្ឋមន្ត្រីការបរទេសចិន បានបំពេញទស្សនកិច្ចនៅប្រទេសអេរីទ្រា កេនយ៉ានៃអាហ្វ្រិកខាងកើតនិងកូម័រ នៅតំបន់ភាគខាងត្បូងនៃអាហ្វ្រិក។ នេះជាប្រពៃណីការទូតរបស់ប្រទេសចិន ដែលបានប្រកាន់ខ្ជាប់អស់រយៈពេល៣២ឆ្នាំ ពោលគឺរដ្ឋមន្ត្រីការបរទេសចិនតែងតែទៅបំពេញទស្សនកិច្ច នៅអាហ្វ្រិកនាដើមឆ្នាំថ្មី។
ក្នុងអំឡុងពេលទៅបំពេញទស្សនកិច្ចនៅអាហ្វ្រិក ភាគីចិនបានសន្យាថា នឹងផ្តល់វ៉ាក់សាំងចំនួន១០លានដូសទៀតដល់កេនយ៉ា និងគាំទ្រកូម័រសម្រេចបាននូវគោលដៅឱ្យប្រជាពលរដ្ឋទាំងអស់ បានចាក់វ៉ាក់សាំងគ្រប់ៗគ្នាក្នុងឆ្នាំនេះ។
ក្នុងវិស័យជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ភាគីចិននិងកេនយ៉ាបានចុះហត្ថលេខាលើ ឯកសារសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថល វិនិយោគទុននិងកសិកម្មជាដើម។ ភាគីចិនគាំទ្រភាគីកេនយ៉ាក្នុងការបង្កើត ខ្សែក្រវាត់សេដ្ឋកិច្ចតាមបណ្តោយផ្លូវដែក និងសួនឧស្សាហកម្ម ស្វាគមន៍ភាគីកេនយ៉ាប្រើប្រាស់ «ផ្លូវបៃតង» ដែលដឹកជញ្ជូនកសិផលអាហ្វ្រិកទៅប្រទេសចិនឱ្យបានល្អ ដើម្បីនាំចេញផលិតផលប្រកបដោយគុណភាពខ្ពស់ កាន់តែច្រើនឡើងៗទៅកាន់ទីផ្សារប្រទេសចិន។
ផ្លូវដែកដែលមានប្រវែងជាង១ម៉ឺនគីឡូម៉ែត្រ ផ្លូវថ្នល់ដែលមានប្រវែងជិត១សែនគីឡូម៉ែត្រ ស្ពានចំនួនជិត១ពាន់ កំពង់ផែជិត១០០ និងមន្ទីរពេទ្យ និងសាលារៀនជាច្រើន។ល។ សមិទ្ធផលគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក ពោលដូចខាងលើនេះបានបម្រើផលប្រយោជន៍ របស់ប្រជាជនអាហ្វ្រិកឥតឈប់ឈរ ។ ពី «គំនិតផ្តួចផ្តើមទាំង៨» ដល់ «សំណង់ចំនួន៩» ហេតុអ្វីបានជាកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក អាចដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ? លោក Kenyatta ប្រធានាធិបតីកេនយ៉ាបាននិយាយពីមូលហេតុគន្លឹះគឺ «ប្រទេសចិនបានជួយយើងដោះស្រាយ បញ្ហាយ៉ាងស្មោះស្ម័គ្រតាមរយៈការអនុវត្តជាក់ស្តែង» ហើយ «ចិននិងអាហ្វ្រិកគឺគោរពគ្នាទៅវិញទៅមក និងរាប់អានគ្នាដោយស្មើភាព»។
តាំងពីបុរាណកាលដល់បច្ចុប្បន្នកាល ចិនបាននាំមកនូវមិត្តភាពនិងទំនុកចិត្តដល់អាហ្វ្រិកជាប់រហូតមក ដូច្នេះ កិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក មិនអាចបំបែកបំបាក់ដោយកម្លាំងបរទេសណាមួយឡើយ។ ប្រទេសលោកខាងលិចដែលអះអាងថា «យកចិត្តទុកដាក់» ដល់អាហ្វ្រិក សូមខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីជំរុញការអភិវឌ្ឍរបស់អាហ្វ្រិក តាមរយៈសកម្មភាពជាក់ស្តែងដូចប្រទេសចិនអញ្ចឹងដែរទៅ៕