(តៃប៉ិ)៖ សភាកោះតៃវ៉ានៅថ្ងៃអង្គារនេះ បានអនុម័តកញ្ចប់ថវិកាបន្ថែមចំនួន ៨.៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជំរុញការអភិវឌ្ឍវិស័យយោធា ដើម្បីការពារសន្តិសុខដែនកោះរបស់ខ្លួន ចំពោះមុខការគំរាមកំហែងនានា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាល្ងាចថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។
រដ្ឋាភិបាលនៃកោះតៃវ៉ាន់បានរៀបចំឲ្យមាន កញ្ចប់ថវិកាពិសេសមួយ សម្រាប់ប្រើប្រាស់នៅក្នុងរយៈពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់វិស័យយោធា គិតចាប់ពីឆ្នាំ២០២២ នេះតទៅ។ វាត្រូវបានបង្កើតឡើង បន្ទាប់់ពីការចល័តក្បួនយន្តហោះចម្បាំងចិន ជាច្រើនលើក ចូលមកក្នុងតំបន់ការពារដែនអាកាសនៃកោះនេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ កោះតៃវ៉ាន់បានកត់ត្រា ចំនួនយន្តហោះយោធាចិនសរុប ៩៧០គ្រឿង ហោះចូលមកកាន់ តំបន់ការពារដែនអាកាសរបស់ខ្លួន។ បើតាមរបាយការណ៍ពី AFP នេះជាចំនួនកើនឡើងជាង ២ដង ប្រើធៀបនឹងតួលេខឆ្នាំ២០២០ ដែលមានតែ ៣៨០គ្រឿងប៉ុណ្ណោះ។ ដោយឡែក សម្រាប់ថវិកាខាងលើនេះ នឹងត្រូវប្រើប្រាស់ឲ្យស្របជាមួយថវិកាប្រចាំឆ្នាំ សម្រាប់វិស័យយោធា ដែលត្រូវបានអនុម័តរួចទៅហើយចំនួន ១៧ពាន់លានដុល្លារអាមេរិក៕