(ហុងកុង)៖ នាយកប្រតិបត្តិទីក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) នៅថ្ងៃអង្គារនេះ បាននិយាយថា ទីក្រុងលោកស្រីនឹងចាប់ផ្តើម ផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់កុមារដែលមានវ័យលើសពី៥ឆ្នាំឡើងទៅ ដើម្បីបង្កើនអត្រាចាក់វ៉ាក់សាំងបន្ថែមទៀត ចំពោះមុខកំណើននៃករណីឆ្លង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។
លោកស្រី Lam បាននិយាយថា ក្មេងៗមានអាយុលើសពី៥ឆ្នាំឡើងទៅ នឹងមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុន Sinovac របស់ចិន។ ជាមួយគ្នានេះ អាជ្ញាធរហុងកុងបានអនុញ្ញាតចំពោះ វ៉ាក់សាំងមួយប្រភេទទៀត ដែលផលិតដោយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech សម្រាប់ចាក់ឱ្យកុមារ ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ។
បើតាមលោកស្រី Lam សាលាថ្នាក់មត្តេយ្យនិងបឋមសិក្សា ក៏នឹងត្រូវផ្អាកការសិក្សានៅតាមថ្នាក់រៀនផ្ទាល់ ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះ រហូតដល់ក្រោយបុណ្យចូលឆ្នាំចិន គឺកំលុងដើមខែកុម្ភៈខាងមុខផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសបំប្លែងថ្មី Omicron។ សាលារៀននៅហុងកុង ភាគច្រើនបានបន្តការសិក្សានៅតាមថ្នាក់រៀនផ្ទាល់វិញ កាលពីអំលុងចុងឆ្នាំមុន ក្រោយអនុវត្តគោលការណ៍សិក្សាតាមប្រព័ន្ធអនឡាញ អស់រយៈពេលជាច្រើនខែ។
គួរបញ្ជាក់ថា ទីក្រុងរបស់ចិនមួយនេះ មិនមានករណីឆ្លងក្នុងស្រុកប្រមាណជា ៣ខែជាប់គ្នា រហូតទាល់តែដល់ចុងឆ្នាំមុន ទើបមានការលេចឡើងជាថ្មី។ ចាប់តាំងពីពេលនោះ រហូតមកទល់ឥឡូវ ហុងកុងបានរកឃើញករណីឆ្លងក្នុងស្រុកច្រើនជាង៤០ករណី នៃវីរុសបំប្លែងថ្មី Omicron។ សម្រាប់ការចាក់វ៉ាក់សាំងវិញ ហុងកុងសម្រេចបានជាង១០លានដូស ក្នុងនោះជាង៦២ភាគរយនៃប្រជាជនសរុប ទទួលបានការចាក់គ្រប់ដូស៕