(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអូ គីស៉ីដា (Fumio Kishida) នាថ្ងៃអង្គារនេះ បានប្រកាសថា ប្រទេសលោកនឹងបន្តរក្សាការរឹតត្បិត COVID-19 នៅព្រំប្រទល់ ដើម្បីទប់ទល់ការរាតត្បាតនៃវីរុសបំប្លែងថ្មី Omicron រហូតដល់ផុតខែកុម្ភៈខាងមុខ ក៏ប៉ុន្តែការលើកលែងមួយចំនួនថែមទៀត អាចនឹងត្រូវយកទៅពិចារណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។
នៅពេលដែលវីរុស Omicron បានលេចឡើងដំបូង កាលពីចុងឆ្នាំ២០២១ ជប៉ុនបានចាប់អនុវត្តវិធានការគ្រប់គ្រងព្រំប្រទល់យ៉ាងតឹងរ៉ឹងមួយ ដោយហាមឃាត់ការចូលទៅកាន់ប្រទេសខ្លួន ចំពោះជនបរទេសទាំងឡាយ ដែលរួមមានទាំងសិស្ស-និស្សិត និងសមាជិកគ្រួសារជាជនជាតិបរទេស របស់ប្រជាជនជប៉ុន ឬរបស់អ្នកដែលមានទីលំនៅអចិន្ត្រៃយ៍នៅជប៉ុន លើកលែងតែក្នុងកាលៈទេសៈពិសេសៗខ្លះប៉ុណ្ណោះ។
មិនតែប៉ុណ្ណោះ វិធានការរឹតត្បិតខាងលើកំណត់ឱ្យមាន ការធ្វើចត្តាឡីស័កតឹងរ៉ឹងរហូតដល់៦ថ្ងៃ នៅឯសណ្ឋាគារសម្រាប់មនុស្សភាគច្រើន ដែលត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ប្រទេសជប៉ុន រួមមានជនជាតិជប៉ុន និងជនបរទេសដែលតាំងទីលំនៅអចិន្ត្រៃយ៍នៅទីនោះ ហើយក្រោយបញ្ចប់ការចត្តាឡីស័កនៅសណ្ឋាគារ គឺត្រូវធ្វើចត្តាឡីស័កនៅផ្ទះថែមទៀត។
លោក គីស៉ីដា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ដោយសារតែការរឹតត្បិតតឹងរ៉ឹងនេះហើយ ទើបជប៉ុនអាចរក្សាការឆ្លងរាតត្បាតនៃវីរុស Omicron ឱ្យនៅកម្រិតទាប។ ដូច្នេះលោកបានសម្រេចថា នឹងបន្តការអនុវត្តវិធានការបច្ចុប្បន្ន រហូតទាល់តែផុតខែកុម្ភៈខាងមុខ ប៉ុន្តែទន្ទឹមគ្នា ការលើកលែងសម្រាប់ហេតុផលមនុស្សធម៌ ក៏នឹងអាចត្រូវយកទៅគិតគូរពិចារណាផងដែរ។
គួរបញ្ជាក់ថា ការកើនឡើងវិញនៃករណីឆ្លង COVID-19 ប្រចាំថ្ងៃ បានជំរុញឱ្យរដ្ឋាភិបាលជប៉ុន ដាក់ចេញនូវការប្រកាសអាសន្ន COVID-19 នៅតំបន់ចំនួន៣របស់ប្រទេស ដែលមានផ្ទុកមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍កន្លងទៅនេះ៕