Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសអាមេរិកាំងម្នាក់ មានស្ថានភាពប្រសើរឡើង ក្រោយទទួលការវះកាត់ដាក់ «បេះដូងជ្រូក»

11-01-2022 12:42

(ឈីកាហ្គោ)៖ បុរសអាមេរិកម្នាក់ ដែលមានបញ្ហាបេះដូង បានទទួលបានការវះកាត់ប្ដូរដាក់បេះដូងជ្រូក ហើយ៣ថ្ងៃក្រោយការវះកាត់នេះ រូបគេស្ថិតនៅក្នុងស្ថានភាព ប្រក្រតី និងកំពុងមានភាពល្អប្រសើរឡើង។ នេះបើតាមក្រុមវេជ្ជបណ្ឌិតរបស់អ្នកជំងឺរូបនេះ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។

ការវះកាត់ប្ដូរបេះដូងមនុស្ស ដាក់បេះដូងជ្រូកខាងលើ ធ្វើឡើងដោយវេជ្ជបណ្ឌិតមួយក្រុមមកពីសាកលវិទ្យាល័យឱសថសាស្ត្រ ម៉ារីលែនដ៍ (Maryland Medicine) ហើយតាមរយៈលទ្ធផលនេះ វាបានបង្ហាញពីលទ្ធភាពអាចទៅរួច ក្នុងការវះកាត់ប្ដូរបេះដូងមនុស្ស ដាក់បេះដូងជ្រូក ដើម្បីសង្រ្គោះជីវិតអ្នកជំងឺ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ លោកវេជ្ជបណ្ឌិត បាតលី ហ្គ្រីហ្វហ្វីស (Bartley Griffith) បានលើកឡើងដូច្នេះថា «នេះគឺជារបកគំហើញមួយនៃការវះកាត់ ដែលនឹងនាំពួកយើងឆ្ពោះទៅរកការដោះស្រាយ បញ្ហាខ្វះខាតក្នុងការវះកាត់ប្ដូរអវៈយវៈ»

ដោយឡែក សម្រាប់អ្នកជំងឺគឺលោក ដេវីដ ប៊ិនណិត (David Bennett) មានអាយុ ៥៧ឆ្នាំបានឲ្យដឹងថា ការវះកាត់ដាក់បេះដូងជ្រូកគឺជាជម្រើសចុងក្រោយរបស់លោក។ «វាការជ្រើសរើសរវាងការស្លាប់ និងការវះកាត់ប្ដូរអវៈយវៈនេះ។ ខ្ញុំចង់រស់បន្ត ខ្ញុំដឹងថាវាជារឿងប្រថុយប្រថាន តែវាជាជម្រើសចុងក្រោយរបស់ខ្ញុំ»។ នេះការបញ្ជាក់របស់លោក David Bennett មួយថ្ងៃមុននឹងលោកទទួលការវះកាត់។

គួរបញ្ជាក់ថា បើតាមគេហទំព័រ organdonor.gov ប្រជាជនអាមេរិកបច្ចុប្បន្ន ១១០,០០០នាក់ កំពុងរង់ចាំការវះកាត់ប្ដូរអវៈយវៈ និងច្រើនជាង ៦,០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ អំឡុងរង់ចាំអ្នកបរិច្ចាគអវៈយវៈសម្រាប់ការវះកាត់៕