(ប៉េកាំង)៖ ខណៈពេលឆ្នាំ២០២២ បានចូលមកដល់ ប្រជាជនជាច្រើនបានចាត់ទុកការយកឈ្នះលើការរីករាលដាលនៃជំងឺកូវីដ១៩ ជាបំណងប្រាថ្នាក្នុងឆ្នាំថ្មី។ លោក Tedros អគ្គនាយកនៃអង្គការសុខភាពពិភពលោក ក៏បានចេញផ្សាយសារលិខិតជូនពរឆ្នាំថ្មីឆ្នាំសកលដែរថា បើសិនជាបណ្តាប្រទេសនានាធ្វើកិច្ចខិតខំ ប្រឹងប្រែងជាមួយគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នោះមនុស្សជាតិយើងនឹងយកឈ្នះលើជំងឺកូវីដ១៩ នៅឆ្នាំ២០២២។
ប៉ុន្តែ ខណៈពេលឆ្នាំ២០២២បានមកដល់វីរុសបម្លែងថ្មីដែលតា នៅមិនទាន់កាត់ផ្តាច់នៅឡើយ ជាងនេះទៅទៀត វីរុសបម្លែងថ្មីអូមីក្រុងក៏បានរាតត្បាត នៅទូទាំងពិភពលោកយ៉ាងឆាប់រហ័សផងដែរ បណ្តាលឱ្យប្រព័ន្ធសុខាភិបាលនៃប្រទេសជាច្រើនជិតនឹងដួលរលំ។ ឆ្នាំ២០២២ ជាឆ្នាំគន្លឹះសម្រាប់មនុស្សជាតិយើង ដើម្បីយកឈ្នះលើជំងឺកូវីដ១៩ រីឯចំណុចគន្លឹះក្នុងការយកឈ្នះលើជំងឺកូវីដ១៩ គឺបណ្តាប្រទេសនានាចាំបាច់ត្រូវសាមគ្គីគ្នា រួមគ្នាទប់ស្កាត់ការរីករាលដាលនៃវីរុស រួមគ្នាចាត់វិធានការបង្ការនិងគ្រប់គ្រងប្រកបដោយមានប្រសិទ្ធភាព មិនត្រូវគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនទេ។
គួរធ្វើការងារបង្ការ និងគ្រប់គ្រងដ៏មានប្រសិទ្ធភាពផង និងគួរកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចនិងសង្គមដែលបណ្តាលមកពីជំងឺកូវីដ១៩ ឱ្យនៅត្រឹមកម្រិត អប្បបរមាផង រដ្ឋាភិបាលបណ្តាប្រទេសនានាបាននិងកំពុងខិតខំប្រឹងប្រែងស្វែងរកតុល្យភាពបែបនេះ។ ទីមួយ៖ សហគមន៍អន្តរជាតិត្រូវលើកកម្ពស់អត្រា ចាក់វ៉ាក់សាំងសម្រេចបាននូវការចាក់វ៉ាក់សាំងឱ្យអស់ពីសមត្ថភាព ដើម្បីបង្កើតរបាំងដ៏មានប្រសិទ្ធភាពសម្រាប់ភាពស៊ាំរោគជាសមូហភាព។
នៅឆ្នាំ២០២១ អង្គការសុខភាពពិភពលោក ធ្លាប់តម្រូវឱ្យបណ្តាប្រទេសនានាគួរតែធានាសម្រេចបាននូវអត្រាប្រជាជនចាក់វ៉ាក់សាំងដល់ ៤០ភាគរយ មុនដាច់ ឆ្នាំ២០២១ ប៉ុន្តែឆ្នាំ២០២១ បានកន្លងផុតទៅហើយ នៅតែមានរដ្ឋសមាជិកចំនួន៩២ ក្នុងរដ្ឋសមាជិកអង្គកាសុខភាពពិភពលោកចំនួន១៩៤ មិនទាន់ឈានដល់ គោលដៅនេះនៅឡើយទេ។ ដូច្នេះ អង្គការសុខភាពពិភពលោកបានអំពាវនាវប្រទេសមាន និងពាណិជ្ជករផលិតឱ្យរួមគ្នាធ្វើការខិតខំប្រឹងប្រែង ដើម្បីសម្រេចបាន នូវអត្រា៧០ភាគរយ មុនខែកក្កដាឆ្នាំ២០២២។ ដើម្បីសម្រេចបាននូវគោលដៅនេះ បណ្តាប្រទេសនានាចាំបាច់ត្រូវប្រឆាំងយ៉ាងដាច់ខាតនូវ «វ៉ាក់សាំងជាតិនិយម» និងលើកទឹកចិត្តការចែកចាយវ៉ាក់សាំងដោយសមភាព ត្រឹមត្រូវនិងមានតុល្យភាព។
ជំងឺកូវីដ១៩ បានរីករាលដាលជាសកលដោយមិនបែងចែកជាតិសាសន៍ឡើយ នេះបានបញ្ជាក់ពីការរួមវាសនាតែមួយរបស់មនុស្សជាតិ។ ការសម្រេចបាននូវ ការចែកចាយវ៉ាក់សាំងដោយស្មើភាពគ្នា គីជាផលប្រយោជន៍រួមរបស់ប្រទេសនីមួយៗ និងមនុស្សជាតិទាំងអស់។ ទីពីរ៖ បណ្តាប្រទេសនានាគួរតែកំណត់ និងអនុវត្ត យន្តការ និងប្រព័ន្ធបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ប្រកបដោយមានប្រសិទ្ធភាព។ ចាប់ពីខែឧសភា ឆ្នាំ២០២០មក ប្រទេសចិនបានឈានចូលដំណាក់កាលបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ប្រកបដោយភាពប្រក្រតី បន្ទាប់មកប្រទេសចិនបានបង្កើតប្រព័ន្ធបង្ការ និងគ្រប់គ្រងប្រកបដោយវិទ្យាសាស្ត្រ និងចំគោលដៅ ហើយទទួលបានសមិទ្ធផលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលគួរឱ្យពិភពលោកកត់សម្គាល់។
ប្រសិនជាពិភពលោកមិនបង្កើតយន្តការរួមដ៏មានកម្លាំងខ្លាំងក្លាសម្រាប់បង្ការជំងឺកូវីដ១៩ នោះការរីករាលដាលនៃជំងឺកូវីដ១៩ក៏ពិបាកបញ្ចប់ដែរ។ នយោបាយបង្ការ ជំងឺកូវីដ១៩ របស់ចិនត្រូវបានបញ្ជាក់ពីប្រសិទ្ធភាព ប្រទេសចិនបានផ្តល់ការអនុវត្តជាក់ស្តែង និងគម្រោងដ៏ល្អបំផុតសម្រាប់ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសកលលោក។ ដូច្នេះ អង្គការសុខភាពពិភពលោកគួរតែផ្សព្វផ្សាយយន្តការ និងការអនុវត្តបង្ការជំងឺកូវីដ១៩ ដ៏មានប្រសិទ្ធភាពក្នុងក្របខណ្ឌទូទាំងពិភពលោក និងគាំទ្របណ្តាប្រទេសនានាបង្កើតប្រព័ន្ធបង្ការដ៏មានកម្លាំងខ្លាំងក្លា។
ក្រៅពីនេះ សហគមន៍អន្តរជាតិត្រូវបន្តបង្កើនកម្លាំងសម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងផលិតថ្នាំព្យាបាលជំងឺកូវីដ១៩។ បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោក បាន និងកំពុងធ្វើតេស្តប្រសិទ្ធភាពនៃវិធីព្យាបាលបីប្រភេទ ពោលគឺ Artesunate Imatinib និង Infliximab លើអ្នកជំងឺកូវីដ១៩ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួនជាង ៦រយនៃប្រទេសយ៉ាងហោចណាស់ចំនួន៥២ កិច្ចសហប្រតិបតិ្តការលើវិស័យធ្វើតេស្តជាសកល អាចនាំមកនូវពន្លឺភ្លឺស្វាងដល់ការជំនះលើជំងឺកូវីដ១៩។
ចុងបំផុត បណ្តាប្រទេសនានាគួររួមសហការគ្នាបង្ការការផ្សព្វផ្សាយនៃវីរុសនយោបាយ។ ការរួមគ្នាប្រឈមនឹងការគំរាមកំហែងរួម មនុស្សជាតិមានតែរួមសុខរួមទុក្ខ ជាមួយគ្នា និងយកអាសាគ្នាទៅវិញទៅមក ទើបអាចយកឈ្នះលើជំងឺកូវីដ១៩ដ៏កាចសាហាវមួយនេះបាន។ ឆ្នាំ២០២២ សហគមន៍អន្តរជាតិត្រូវបន្តរួមគ្នាទប់ស្កាត់ ទង្វើធ្វើនយោបាយធូបនីយកម្មជំងឺកូវីដ១៩ ឬលាបពណ៌និងមួលបង្កាច់ជាដើមជាបន្តបន្ទាប់ គួរតែសម្រេចបាននូវការបង្ការជំងឺកូវីដ១៩ ដោយវិទ្យាសាស្ត្រ និងចាត់វិធានការឱ្យចំគោលដៅ។
ជាពិសេស ប្រទេសអភិវឌ្ឍន៍ត្រូវបោះបង់ចោលទស្សនៈលំអៀងខាងមនោគមវិជ្ជា ផ្តល់ការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសចំណូលទាបលើផ្នែកប្រាក់ទុន បច្ចេកវិទ្យានិងសមត្ថភាពជាដើម ដើម្បីរួមគ្នាសម្រេចបាននូវទស្សនទានដ៏ល្អបវរ ពោលគឺ «បញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅឆ្នាំ២០២២»៕