(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៦៧៣,៨៣៧នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,០០២នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៦២,៦៦១,២៧២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៦១,៣៣៦នាក់ និងជាសះស្បើយឡើងសរុបជាង ៤២.៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
អាជ្ញាធរសុខាភិបាលនៃសហរដ្ឋអាមេរិក បានប្រកាសថា អត្រាចូលសម្រាកមន្ទីរពេទ្យ ដោយសារតែជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់បំផុតដល់ ១៣២,៦៤៦នាក់ នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដែលជាការបំបែកកំណត់ត្រាចាស់ កាលពីខែមករា ឆ្នាំ២០២១ ដែលមានចំនួន ១៣២,០៥១នាក់។ អំលុងពេល ៣សប្តាហ៍ចុងក្រោយនេះ គេបានមើលឃើញអត្រាកំណើននៃអ្នកឆ្លងគុណនឹង ៣ ទៅហើយ ដោយសារតែឥទ្ធិពលនៃមេរោគបំប្លែងថ្មី Omicron។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥១៩លានដូស ក្នុងនោះប្រជាជន ២៤៦.៨១លាននាក់ (៧៤.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៦.០៤លាននាក់ (៦២.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៧៥.២៣លាននាក់ (២២.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕