(សៀងហៃ)៖ ប្រទេសចិននៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសគាំទ្រប្រទេសរុស្ស៊ី ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិសុខ ចូលទៅកាន់ប្រទេសកាហ្សាក់ស្ថាន ដើម្បីទប់ស្កាត់ភាពចលាចល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។
ការគាំទ្រពីសំណាក់ចិនខាងលើនេះ ត្រូវបានធ្វើឡើងក្នុងឱកាសនៃការបើកកិច្ចសន្ទនា តាមប្រព័ន្ធទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យីង (Wang Yi) និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) កាលពីយប់ថ្ងៃចន្ទ ដោយសមភាគីទាំងពីរបានពិភាក្សាគ្នា អំពីបញ្ហានៅកាហ្សាក់ស្ថានជាចម្បង។
ចិនក៏បានសម្តែងការគាំទ្រម្តងទៀត ទៅនឹងចំណាត់ការនានា ដោយប្រធានាធិបតីកាហ្សាក់ស្ថានផងដែរ ជាពិសេសគឺការទប់ស្កាត់ សកម្មភាពភេរវកម្ម ដែលបង្កឲ្យមានភាពចលាចល នៅប្រទេសជិតខាងចិនមួយនេះ។ លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ចិន និងរុស្ស៊ី គួរតែប្រឆាំងចំពោះកម្លាំងពីខាងក្រៅ ដែលចូលមកលូកលាន់កិច្ចការផ្ទៃក្នុង នៃបណ្តាប្រទេសអាស៊ីភាគកណ្តាល ព្រមទាំងរួមគ្នាទប់ស្កាត់ «បដិវត្តន៍ពណ៌» ផងដែរ។
គួរបញ្ជាក់ថា អគាររដ្ឋាភិបាលកាហ្សាក់ស្ថាននៅទូទាំងប្រទេស ជាពិសេសគឺនៅក្នុងរដ្ឋធានីអាល់ម៉ាធី (Almaty) ផ្ទាល់តែម្តង ត្រូវបានក្រុមកុបករលុកលុយ និងដុតបំផ្លាញ នៅក្នុងសប្តាហ៍ដំបូងនៃខែមករា ឆ្នាំ២០២២ នេះ។ រដ្ឋាភិបាលកាហ្សាក់ស្ថានបានស្តីបន្ទោស ទៅលើកម្លាំងមកពីខាងក្រៅ ដែលបានចូលមកបញ្ឆេះស្ថានការណ៍កាន់តែក្តៅគគុក ទើបខ្លួនសម្រេចចិត្តស្នើកងកម្លាំងរុស្ស៊ី ឲ្យចូលមកជួយស្តារស្ថិរភាពឡើងវិញ ស្របតាមសសន្ធិសញ្ញាសន្តិសុខរួម៕