(វ៉ាស៊ីនតោន)៖ អត្រាចូលសម្រាកមន្ទីរពេទ្យ ដោយសារតែជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់បំផុតដល់ ១៣២,៦៤៦នាក់ នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដែលជាការបំបែកកំណត់ត្រាចាស់ កាលពីខែមករា ឆ្នាំ២០២១ ដែលមានចំនួន ១៣២,០៥១នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។
អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិក បានបញ្ចេញទិន្នន័យឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 ដែលឈានដល់ថ្នាក់ចូលសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ បានកើនឡើងជាបន្តបន្ទាប់គិតចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២១ ហើយសម្រាប់រយៈពេល ៣សប្តាហ៍ចុងក្រោយនេះ គេបានមើលឃើញអត្រាកំណើនគុណនឹង ៣ ទៅហើយ ដោយសារតែឥទ្ធិពលនៃមេរោគបំប្លែងថ្មី Omicron។
គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួន ដែលកំពុងរាតត្បាតខ្លាំងជាងគេនៅសហរដ្ឋអាមេរិក ពេលនេះគឺ Omicron, មិនមែន Delta ទៀតនោះឡើយ ហើយរដ្ឋជាង ១០ ក្នុងនោះរួមទាំងរដ្ឋធានីវ៉ាស៊ីនតោនផងដែរ សុទ្ធតែបានរាយការណ៍ អំពីកំណើននៃអ្នកចូលសម្រាកមន្ទីរពេទ្យ។ ទោះបីជាវីរុស Omicron មិនអាចបង្កឲ្យអ្នកជំងឺឈឺធ្ងន់ធ្ងរ ប៉ុន្តែក្រុមអ្នកជំនាញនៅតែព្រមានថា ចំនួនអ្នកចូលសម្រាកមន្ទីរពេទ្យកាន់តែច្រើនបែបនេះ នឹងបង្កផលប៉ះពាល់ដល់ ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យនានា នៅសហរដ្ឋអាមេរិកមិនខាន៕