(ភ្នំពេញ)៖ ភាគីកម្ពុជា និងចិន សុទ្ធតែបានអះអាងដូចគ្នាពីភាពជោគជ័យ ដូចទៅនឹងអ្វីដែលបានរំពឹងទុក ជុំវិញដំណើរការវិភាគហានិភ័យ និងត្រួតពិនិត្យផ្លែមៀនកម្ពុជា តាមរយៈវីឌីអូ ដែលបានធ្វើឡើងនៅសប្តាហ៍ទី១ ក្នុងខែមករា ឆ្នាំ២០២២។
រដ្ឋបាលគយប្រទេសចិន បានធ្វើការវិភាគហានិភ័យ និងត្រួតពិនិត្យផ្លែមៀនកម្ពុជា តាមរយៈវីឌីអូ ដើម្បីអនុវត្តកុងសុងស៊ីស ពាក់ព័ន្ធដែលថ្នាក់ដឹកនាំចិន និងកម្ពុជាកំណត់ជូន និងដើម្បីបញ្ចប់នីតិវិធីតេស្ត និងត្រួតពិនិត្យលើផ្លែមៀនកម្ពុជា ដែលនាំចេញទៅកាន់ប្រទេសចិនឱ្យបានឆាប់រហ័ស។
នៅពីថ្ងៃទី៤ ដល់៦ខែមករា ឆ្នាំ២០២២ រដ្ឋបាលគយប្រទេសចិនបានធ្វើការវិភាគហានិភ័យ និងការត្រួតពិនិត្យផ្លែមៀនកម្ពុជាដោយតាមរយៈវីឌីអូ មន្រ្តីតំណាងស្ថានទូតចិនប្រចាំកម្ពុជា និងមន្ត្រីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានចូលរួមត្រួតពិនិត្យនៅទីតាំងផ្ទាល់។
ដំណើរចុះពិនិត្យវាយតម្លៃនេះ ក្រុមការងារបានចុះពិនិត្យចម្ការផ្លែមៀនចំនួន៣កន្លែង ក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបង និងរោងចក្រវេចខ្ចប់ចំនួន២កន្លែង ក្នុងខេត្តប៉ៃលិន និងខេត្តកំពង់ស្ពឺ និងព្រមទាំងមន្ទីរពិសោធន៍ភូតគាមអនាម័យ និងមន្ទីរពិសោធន៍គុណភាពសុវត្ថិភាព។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា ក្រុមការងារភាគីចិន និងកម្ពុជា បានចុះវាយតម្លៃចម្ការមៀន បានសរុបចំនួន៣ទីតាំង ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ និងកន្លែងវេចខ្ចប់លាងសំអាង និងសម្លាប់សមាសភាពចង្រៃចំនួន២ទីតាំង។
លោក ងិន ឆាយ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយពីការវាយតម្លៃចំនួន២ថ្ងៃកន្លងមកនេះ តំណាងក្រុមការងារគយ នៃសាធារណរដ្ឋប្រជាមានិតចិន បានសន្និដ្ឋានថា ចម្ការមានរបស់យើង គឺមានលក្ខណៈល្អប្រសើរ ដែលអាចត្រូវជាមួយនឹងស្ដង់ដារនាំចូលនៃប្រទេសចិន គ្រាន់តែមានការកែសម្រួលចំណុចបន្ដិចបន្ដូចតែប៉ុណ្ណោះ»។
លោកបានឲ្យដឹងទៀតថា ចំពោះកន្លែងវេចខ្ចប់ កម្ពុជាបានរៀបចំ នៅខេត្ដប៉ៃលិនរួចរាល់ហើយ និងមួយទៀតកំពុងដំណើរការរៀបចំ ដូច្នេះនឹងធ្វើការបញ្ចប់ នៅពេលដែលកម្ពុជាទទួលបាន ការចុះពិធីសារបច្ចេកទេស ទៅតាមតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសចិន។
លោកបានគូសបញ្ជាក់ថា ជារួមឃើញថា ការវាយតម្លៃរបស់ភាគីចិន គឺមានលក្ខណៈល្អប្រសើរ ហើយមកដល់ពេលនេះ គឺក្រុមការងារវាយតម្លៃ តាមប្រព័ន្ធអនឡាញ បាននិងកំពុងធ្វើរបាយការណ៍ ដាក់ជូនទៅក្រុមការងារគយ នៅទីក្រុងប៉េកាំង ដើម្បីពិនិត្យសម្រេចឆ្លើយតប មកប្រទេសកម្ពុជាវិញ។
បើតាមលោក ងិន ឆាយ «ការនាំចេញបាន អាស្រ័យលើភាគីគយ ប្រសិនជាធ្វើការបានលឿន គាត់ផ្ញើមកឲ្យយើងបានឆាប់ បើសិនជាគាត់ប្រើពេលវេលាយូរ ក្នុងការពិនិត្យរបាយការណ៍ គឺវាអាស្រ័យទៅតាមនឹង ដូច្នេះយើងអត់អាចកំណត់ ពេលវេលាបាននោះទេ»។
កន្លងមកមៀនកម្ពុជា ត្រូវបាននាំចេញទៅចិន ដោយក្រុមហ៊ុនរបស់ប្រទេសជិតខាងតែប៉ុណ្ណោះ ដោយសារតែបញ្ហាលក្ខខណ្ឌភូតគាមអនាម័យ ដែលកត្តានេះធ្វើឲ្យកម្ពុជា មិនអាចនាំចេញមៀនទៅចិនដោយផ្ទាល់បាន។
នៅកម្ពុជា មានផ្ទៃដីដាំមៀនប៉ៃលិន ក្នុងរង្វង់មួយម៉ឺនហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានប្រមាណ៨ពាន់ហិកតា ដោយក្នុងមួយហិកតា ទទួលបានផលចន្លោះពី១៥ទៅ២០តោន ដែលក្នុងមួយឆ្នាំៗទិន្នផលមៀនប៉ៃលិនប្រមូលបានជាង១០ម៉ឺនតោន៕