(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៤,៨១៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ២,៨៣០ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៤៣៧ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្តBình Phước មានចំនួន៦៤០ករណី, ខេត្ត Khánh Hòa ចំនួន៧៩៥ករណី និងខេត្ត Hải Phòng ចំនួន៥៩២ករណី។
ក្នុងរបាយការណ៍ថ្ងៃចន្ទ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២១២នាក់បន្ថែមទៀតផងដែរ។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៩១៤,៣៩៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៥៩០,០៩០នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៤,៥៣១នាក់៕