(វ៉ាស៊ីនតោន)៖ មួយរយៈចុងក្រោយនេះ បណ្ដាប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនបាននាំគ្នាចេញផ្សាយអត្ថបទយ៉ាងព្រោងព្រាត ជុំវិញបញ្ហាអាយុរបស់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយមាននិន្នាការអភិរក្សនិយម អាយុរបស់លោក ចូ បៃដិន គឺជាកត្តាមួយដ៏សំខាន់។ តួយ៉ាង ក្រុម ឥស្សរជនខ្ពស់ជាន់មួយចំនួនមកពីគណបក្សសាធារណរដ្ឋ បានអំពាវនាវម្ដងហើយម្ដងទៀតឱ្យលោក បៃដិនទទួលការធ្វើតេស្ដសុខភាព ដោយពួកគេយកបញ្ហា «ចាស់វង្វេង» មកធ្វើជាសំអាង។
បរាជ័យរបស់សហរដ្ឋអាមេរិក នៅអាហ្វហ្កានីស្ថាន ធ្លាប់បានបង្កឱ្យមានការសង្ស័យជាច្រើនពីការវិនិច្ឆ័យ និងការសម្រេចចិត្តរបស់លោក បៃដិន ដែលសព្វថ្ងៃមាន អាយុ ៧៩ឆ្នាំ។ លើសពីនេះទៅទៀត ការសង្ស័យពីបញ្ហាអាយុ និងសុខភាពរបស់លោក បៃដិន បានផ្ទុះឡើងចុងក្រោយបំផុតកាលពីឆ្នាំ២០២១ បន្ទាប់ពីលោកផ្ទាល់ បានលើកឈ្មោះតៃវ៉ាន់ ដល់ទៅ ២ដងថាជាសម្ពន្ធមិត្តផ្លូវការរបស់សហរដ្ឋអាមេរិក ខណៈតៃវ៉ាន់មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយទីក្រុងវ៉ាស៊ីនតោន ឡើយ។
ខាងសេតវិមានបានចេញមុខកែតម្រូវឡើងវិញភ្លាមៗ តែការសង្ស័យក៏បានកើតឡើងដែរថាលោក បៃដិនមានបញ្ហាចាស់វង្វេង នៅក្នុងបរិបទដែលបក្សសាធារណរដ្ឋ តែងតែយកបញ្ហាមកវាយបំបាក់ប្រជាប្រិយភាពរបស់លោក បៃដិន។ ។ តែទោះជាបែបនេះក្ដី សេតវិមានបានចេញមុខច្រានចោលពាក្យចចាមអារ៉ាមជុំវិញបញ្ហា សុខភាពប្រធានាធិបតីអាមេរិករូបនេះជាមួយការបញ្ជាក់ថាលោក បៃដិន ថែមទាំងមានគម្រោងឈរឈ្មោះប្រជែងយកតំណែងជាប្រធានាធិបតីសាជាថ្មី នៅឆ្នាំ២០២៤ ទៀតផង។
មែនទែនទៅ រឿងអាយុជារឿងមួយឡែក តែបញ្ហាសំខាន់ នោះគឺបច្ចុប្បន្ន ប្រជាប្រិយភាពរបស់លោក បៃដិន បានធ្លាក់ចុះយ៉ាងគំហុក បើធៀបទៅនឹងថ្ងៃដែលលោក ឡើងស្បថចូលកាន់តំណែងកាលពីខែមករា ឆ្នាំ២០២១។ ការដោះស្រាយវិបត្តិ COVID-19 និងការដួលរលំរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន គាំទ្រដោយអាមេរិក ក្រោមថ្វីដៃ របស់ក្រុមតាលីបង់ គឺជាមូលហេតុចម្បងៗដែលធ្វើឱ្យប្រជាប្រិយភាពរបស់លោក បៃដិនធ្លាក់ចុះ។
បើតាមការស្ទង់មតិ, ក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ត្រឹមតែ ៤១ភាគរយ ជឿជាក់ថាលោក បៃដិននឹងមានឱកាសល្អជាប់ឆ្នោតជាប្រធានាធិបតីសាជាថ្មី នៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២៤ បើធៀបទៅនឹងបេក្ខជនដទៃមកពីបក្សប្រធិបតេយ្យដូចគ្នា។ ការស្ទង់មតិនេះដដែល ក៏បានបង្ហាញដែរថាអតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ទទួលបានការគាំទ្រដល់ទៅ ៥៧ភាគរយពីអ្នកគាំទ្រគណបក្សសាធារណរដ្ឋ។ ម្យ៉ាងវិញទៀត ទោះបីជាមានអាយុច្រើនជាងលោក ត្រាំ ៤ឆ្នាំក៏ដោយ តែលោក បៃដិននឹងក្លាយជាប្រធានាធិបតីអាមេរិកកំពុងកាន់អំណាចដំបូងគេបំផុត ដែលនឹងឈានចូលអាយុ ៨០ឆ្នាំ នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ដូច្នេះ ចង់ ឬមិនចង់ គេពិបាកនឹងជឿណាស់ថាលោក បៃដិន អាចនឹងមានថាមពលគ្រប់គ្រាន់អាចបញ្ចប់ដោយរលូននូវអាណត្តិទី២ ជាប្រធានាធិបតីជាពេលដែល លោកឈានចូលវ័យ៨៦ឆ្នាំ នៅក្នុងករណីដែលលោកជាប់ឆ្នោតម្ដងទៀតមែននោះ។
គួរបញ្ជាក់ថា នៅចំពោះមុខការបារម្ភពីសុខភាព និងអាយុ មជ្ឈដ្ឋានខ្លះទៀតយល់ថាលោក បៃដិន នឹងជួយជ្រោមជ្រែងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ឱ្យបន្តវេនពីរូបលោក។ តែការស្ទង់មតិកាលពីពេលថ្មីៗនេះ បង្ហាញថាលោកស្រី គឺជាអនុប្រធានាធិបតីដែលទទួលបានការគំាទ្រទាបបំផុត ក្នុងប្រវត្តិសាស្ត្រ សម័យទំនើបរបស់សហរដ្ឋអាមេរិក។ នៅក្នុងចំណោមអនុប្រធានាធិបតីអាមេរិកថ្មីចុងក្រោយបំផុត មានតែលោក Mike Pence ដែលជាអនុប្រធានាធិបតីក្រោម អតីតរដ្ឋបាលលោក ដូណាល់ ត្រាំប៉ុណ្ណោះដែលមិនសូវមានឥទ្ធិពលនៅក្នុងកិច្ចការសេតវិមាន។
ក្រៅពីនោះគឺលោក Al Gore ជាអនុប្រធានាធិបតីរបស់លោក Bill Clinton, លោក Dick Cheney ជាអនុប្រធានាធិបតីរបស់លោក George W Bush និងលោក បៃដិន ជាអនុប្រធានាធិបតីរបស់ លោក Obama សុទ្ធតែត្រូវបានគេជឿជាក់ជាអនុប្រធានាធិបតីដ៏មានឥទ្ធិពល៕
ប្រភព៖ CNA (ថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២)