(ប៉េកាំង)៖ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ជាខួបមួយឆ្នាំនៃព្រឹត្តិការណ៍ចលាចល នៅវិមានរដ្ឋសភាពសហរដ្ឋអាមេរិក។ គិតរហូតដល់បច្ចុប្បន្ននេះ តើព្រឹត្តិការណ៍កើតឡើងនៅវិមានរដ្ឋសភាអាមេរិក ជាបាតុកម្មហិង្សា ឬមួយក៏ជាការតវ៉ាស្វែងរកយុត្តិធម៌ ដើម្បីការបោះឆ្នោតសកល? បក្សសាធារណរដ្ឋនិងបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក នៅតែមានការខ្វែងគំនិតគ្នា ហើយមានទំនាស់យ៉ាងស្រួចស្រាវ។
ការស៉ើបអង្កេតរបស់ទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិក បានបង្ហាញថា សមាជិកបក្សសាធាណរដ្ឋចំនួន៣០ភាគរយ សម្គាល់ឃើញថា ព្រឹតិ្តការណ៍នៅវិមានរដ្ឋសភាអាមរិក គឺជា «អំពើអហិង្សា» រីឯសមាជិកបក្សប្រជាធិបតេយ្យ ៩០ភាគរយ បែរជាសម្គាល់ឃើញថា ព្រឹត្តិការណ៍នេះបានប្រើប្រាស់ «កម្លាំងហិង្សាយ៉ាងខ្លាំង» ឬ «កម្លាំងហិង្សាហួសហេតុ»។ ការសន្និដ្ឋានរបស់អ្នកនយោបាយ ទៅលើព្រឹតិ្តការណ៍នេះ បានក្លាយជាសេចកី្តបញ្ជាក់ពី ចិត្តស្មោះចំពោះបក្សពួករួចទៅហើយ។ ព្រឹត្តិការណ៍ដ៏មានគ្រោះមហន្តរាយមួយលើក បានក្លាយជាឧបករណ៍របស់បក្សនយោបាយ មិនបាច់សង្ស័យឡើយ នេះជារឿងគួរឱ្យអាម៉ាស់មុខបំផុត។
ព្រមពេលជាមួយគ្នានេះ ភាពបែកបាក់គ្នាដែលបណ្តាលមកពី ព្រឹត្តិការណ៍នៅវិមានរដ្ឋសភានេះ ធ្វើឱ្យ «នយោបាយវេតូ» របស់អាមេរិកមានភាពកាន់តែផុយស្រួយ។ ក្នុងមួយឆ្នាំកន្លងមក កិច្ចការដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជន ដូចជាកំណែទម្រង់ខាងកិច្ចការសមត្ថកិច្ច វិធានការគ្រប់គ្រងកាំភ្លើង និងផែនការចំណាយសេដ្ឋកិច្ចជាដើម បានធ្លាក់ក្នុងសភាពជាប់គាំងជាបន្តបន្ទាប់ ដោយឡែកអភិបាលកិច្ចសង្គមរបស់អាមេរិក ក៏បានរាំងស្ទះផងដែរ ។
ប្រការដែលកាន់តែមានគ្រោះថ្នាក់នោះ គឺឥទ្ធិពលរបស់ព្រឹត្តិការណ៍នៅវិមានរដ្ឋសភាអាមេរិក ទៅលើ «ការផ្តួលរលំរដ្ឋអំណាចសហរដ្ឋអាមេរិក» មានភាពកាន់តែលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃ។ ការធ្វើប្រជាតិមតិរបស់អាមេរិកមួយលើក នៅចុងឆ្នាំ២០២១ បានបង្ហាញថា ប្រជាជនអាមេរិកចំនួនលើសពី ៣៤ភាគរយ សម្គាល់ឃើញថា ប្រជាពលរដ្ឋអាមេរិកធ្វើសកម្មភាពហិង្សា ទៅលើរដ្ឋាភិបាលអាមេរិក គឺ «សមហេតុផល» អត្រាមួយនេះជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេលរាប់សិបឆ្នាំចុងក្រោយនេះ។
នាពេលថ្មីៗកន្លងទៅនេះ លោក Jimmy Carter អតីតប្រធានាធិបតីអាមេរិក បានចុះផ្សាយអត្ថបទលើកាសែត New York Times ថា «ប្រទេសយើងបាននិងកំពុងស្ថិតនៅគែមជ្រលងជ្រោះ និងមានភាពរង្គោះរង្គើ។ បើសិនជាមិនចាត់វិធានការភ្លាមៗនោះទេ យើងនឹងប្រឈមនឹងហានិភ័យពិតប្រាកដ ពោលគឺនឹងកើតមានការប៉ះទង្គិចក្នុងស្រុក»។ ទស្សនាវដី្តប្រចាំសប្តាហ៍ Time និង Newsweek ក៏បានសម្គាល់ឃើញដូចគ្នាថា «ស្រមោលសង្គ្រាមក្នុងស្រុក បាននិងកំពុងគ្របដណ្តប់លើអាមេរិក»។
បើសិនជានិយាយថា មួយឆ្នាំមុន ព្រឹតិ្តការណ៍ចលាចលនៅវិមានរដ្ឋសភាពអាមេរិក បានលាតត្រដាងនូវធាតុពិតនៃជំងឺធ្ងន់ធ្ងររបស់ «ប្រជាធិបតេយ្យបែបអាមេរិក» នោះមួយឆ្នាំបន្ទាប់មក បាតុភូតដ៏អាក្រក់គ្រប់បែបយ៉ាងក្នុងស្រុកអាមេរិក បានបង្ហាញឱ្យឃើញថា «ប្រជាធិបតេយ្យបែបអាមេរិក» បានក្លាយជាជំងឺរ៉ាំរ៉ៃគ្មានថ្នាំព្យាបាលបាន។
ប្រជាធិបតេយ្យមិនមែនជាវត្ថុសម្រាប់តុបតែងទេ តែគឺត្រូវប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាជាបន្ទាន់របស់ប្រជាជន។ បច្ចុប្បន្ននេះ «ឱនភាពប្រជាធិបតេយ្យ» របស់អាមេរិក គួរឱ្យអ្នកផងភ្ញាក់ផ្អើលខ្លាំង អ្នកនយោបាយអាមេរិក ដែលចេះតែស្រែកពាក្យស្លោក គួរតែបោះបង់ចោលនូវភាពអាត្មានិយមនិងអនុត្តរភាព ហើយប្រញាប់ព្យាបាលជំងឺ «ប្រជាធិបតេយ្យបែបអាមេរិក» ឱ្យបានឆាប់។ បើសិនជាពួកគេនៅតែបន្តធ្វើទង្វើប្រឆាំងប្រជាធិបតេយ្យ បង្កការបដិបក្ខគ្នា និងបែកបាក់គ្នាដោយយកបញ្ហាប្រជាធិបតេយ្យធ្វើជាលេស នោះមុខជានឹងជំរុញឱ្យអាមេរិកធ្លាក់ក្នុង សភាពកាន់តែគ្រោះថ្នាក់ជាក់ជាមិនខាន៕