(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់ថូនី ប្លីងគែន (Antony Blinken) បានថ្លែងប្រាប់ទូរទស្សន៍ CNN នៅថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តជជីកសួររកចម្លើយ ពីរដ្ឋាភិបាលកាហ្សាក់ស្ថានបន្ថែមទៀត អំពីមូលហេតុដែលជំរុញឲ្យពួកគេ ស្នើសុំកងកម្លាំងសន្តិសុខពីប្រទេសរុស្ស៊ី ដើម្បីចូលទៅដោះស្រាយភាពចលាចល នៅក្នុងប្រទេសខ្លួនឯង ហើយអាមេរិកក៏បានថ្កោលទោសផងដែរ ចំពោះការបញ្ជាឲ្យបាញ់សម្លាប់អ្នកតវ៉ា ពីសំណាក់រដ្ឋាភិបាលទីក្រុង អាល់ម៉ាធី (Almaty)។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។
លោក Antony Blinken តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ CNN បានថ្លែងយ៉ាងដូច្នេះថា «យើងមានសំនួរជាច្រើន ដើម្បីសួររកមូលហេតុពិតថា តើហេតុអ្វីបានជាពួកគេ (រដ្ឋាភិបាលកាហ្សាក់ស្ថាន) ចាំបាច់ត្រូវស្នើទៅអង្គការ (CSTO) ដែលគ្រប់គ្រងដោយរុស្ស៊ី? យើងកំពុងជជីកសួរ ដើម្បីឲ្យមានការបកស្រាយជុំវិញរឿងនេះ»។
រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា «ការចេញបញ្ជាឲ្យបាញ់សម្លាប់មនុស្ស គឺជាទង្វើខុស... ហើយគួរតែត្រូវបានលុបចោលវិញ...។ អ្វីមួយដែលយើងបានរៀនសូត្រពីប្រវត្តិសាស្ត្រនោះគឺ ប្រសិនបើជនជាតិរុស្ស៊ីចូលមកក្នុងផ្ទះរបស់អ្នកហើយ ពេលខ្លះវាពិបាកណាស់់ ក្នុងការប្រាប់ឲ្យពួកគេចាកចេញទៅវិញ...»។
ជុំវិញការលើកឡើង ពីសំណាក់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកខាងលើនេះ ក្រសួងការបរទេសរុស្ស៊ីបានឆ្លើយតបទៅវិញថា ការបញ្ជូនទ័ពទៅកាន់ប្រទេសកាហ្សាន់ស្ថាន គឺជាទង្វើស្របច្បាប់ និងតបតាមការស្នើសុំរបស់ រដ្ឋាភិបាលកាហ្សាក់ស្ថានផ្ទាល់។ រុស្ស៊ីបានឆ្លើយតបធ្ងន់ៗទៅវិញទាំងកំហឹង និងប្រាប់សហរដ្ឋអាមេរិក ឲ្យមើលទង្វើរបស់ខ្លួនកាលពីអតីតកាល ដូចជាសង្គ្រាមនៅប្រទេសវៀតណាម និងអ៊ីរ៉ាក់ជាដើម។
ក្រសួងការបរទេសរុស្ស៊ី បានបង្ហោះសារលើគណនី Telegram របស់ខ្លួននៅថ្ងៃអាទិត្យ ទី៩ ខែមករា យ៉ាងដូច្នេះថា «ប្រសិនបើលោក Antony Blinken ស្រឡាញ់ប្រវត្តិសាស្ត្រណាស់ ដូច្នេះលោកគួរតែសម្លឹងមើលបែបនេះវិញ នោះគឺនៅពេលណាដែលជនជាតិអាមេរិកាំង ចូលទៅកាន់ផ្ទះរបស់អ្នកហើយ វានឹងពិបាកណាស់ នៅក្នុងការរក្សាជីវិតអ្នកឲ្យនៅរស់ ដោយមិនត្រូវបានរំលោភបំពាន ឬសម្លាប់ចោលនោះ...»។
រដ្ឋាភិបាលកាហ្សាក់ស្ថាន កាលពីថ្ងៃអាទិត្យដដែលនោះបានប្រកាសថា ពួកគេបានស្តារស្ថិរភាពឡើងវិញហើយ នៅទូទាំងប្រទេស បន្ទាប់ពីភាពចលាចល និងអំពើកុប្បកម្ម ដែលមិនធ្លាប់មានអំលុង ៣០ឆ្នាំមកនេះ បានផ្ទុះឡើងនៅក្នុងសប្តាហ៍ដំបូងនៃខែមករា ឆ្នាំ២០២២ ខណៈកងទ័ពសម្ព័ន្ធមិត្តនៃអង្គការ CSTO ដឹកនាំដោយរុស្ស៊ី បានចូលមកការពារទីតាំងយុទ្ធសាស្ត្រសំខាន់ៗ នៅក្នុងប្រទេសអាស៊ីកណ្តាលមួយនេះ។
គួរបញ្ជាក់ថា CSTO គឺជាអង្គការសន្ធិសញ្ញាសន្តិសុខរួម មានសមាជិកសរុប ៦ប្រទេស ដែលសុទ្ធសឹងជារដ្ឋធ្លាប់ចំណុះឲ្យអតីតសហភាពសូវៀត។ ដោយឡែក យោងតាមតួលេខ ដែលចេញកាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ មនុស្សសរុប ១៦៤នាក់់បានស្លាប់ និងជិត ៦,០០០នាក់ត្រូវបានចាប់ខ្លួន ក្នុងភាពចលាចលកំលុងដើមខែមករានេះ នៅទូទាំងប្រទេសកាហ្សាក់ស្ថាន៕