(បង់ក្លាដែស)៖ មនុស្សរាប់ពាន់នាក់ បានបាត់បង់ផ្ទះសម្បែង បន្ទាប់ពីអគ្គិភ័យបានឆាបឆេះជំរំជនភៀសខ្លួនសម្រាប់ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេស បង់ក្លាដែស កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។
បើតាមអាជ្ញាធរបង់ក្លាដែស ផ្ទះយ៉ាងហោច ១,២០០ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ ដោយបណ្ដាលឱ្យមនុស្សច្រើនជាង ៥,០០០នាក់គ្មានផ្ទះសម្បែងស្នាក់នៅ។ អគ្គិភ័យនេះបានកើតឡើងនៅម៉ោង ៤៖៤០នាទីរសៀល កាលពីថ្ងៃអាទិត្យ ហើយក្រុមអ្នកពន្លត់អគ្គិភ័យអាចគ្រប់គ្រងស្ថានការណ៍បាន នៅម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃដដែល។ តែមិនទាន់មានការបញ្ជាក់ពីមូលហេតុនាំឱ្យមានអគ្គិភ័យនេះនៅឡើយទេ។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២១, មនុស្ស ១៥នាក់បានស្លាប់ និងជាង ៥០,០០០នាក់ បាត់បង់ផ្ទះសម្បែង បន្ទាប់ពីភ្លើងឆាបឆេះជំរំរបស់ជនជាតិដើមភាគតិច មូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសបង់ក្លាដែស៕