(អាល់ម៉ាទី)៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ ដោយដកស្រង់សម្តីរបស់ក្រសួងសុខាភិបាលនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា មនុស្សជាង១៥០នាក់បានស្លាប់ និងជិត៦,០០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីកុបកម្មហិង្សានៅក្នុងប្រទេសដ៏ធំបំផុតនៅអាស៊ីកណ្តាលមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៩ ខែមករា ឆ្នាំ២០២២។
ប្រទេសសម្បូរធនធានថាមពល ដែលមានប្រជាជនជាង១៩លាននាក់មួយនេះ ត្រូវបានរញ្ជួយដោយភាពចលាចលមួយសប្តាហ៍ ដោយជនបរទេសមួយចំនួនត្រូវបានឃុំខ្លួនពីបទបង្កភាពចលាចល។
គួរបញ្ជាក់ថា ការកើនឡើងតម្លៃប្រេងឥន្ធនៈបានបង្កឱ្យមានភាពចលាចលដែលបានផ្ទុះឡើងនៅក្នុងតំបន់ខេត្តភាគខាងលិចប្រទេស ប៉ុន្តែបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ទីក្រុងធំៗ រួមទាំងមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃទីក្រុង Almaty ដែលជាកន្លែងកុប្បកម្មបានផ្ទុះឡើង ហើយប៉ូលិសបានបាញ់គ្រាប់រំសេវ៕