ទីក្រុង Tianjin របស់ចិន ចាប់ផ្តើមធ្វើតេស្តរកកូវីដ១៩ ពេញមួយទីក្រុង ក្រោយរកឃើញករណីឆ្លង អូមីក្រុង ក្នុងសហគមន៍លើកដំបូង
09-01-2022 17:02
(ប៉េកាំង)៖ ទីក្រុង ធានជិន (Tianjin ) ដែលស្ថិតនៅក្បែររដ្ឋធានីប៉េកាំងនៃប្រទេសចិន បានចាប់ផ្តើមការធ្វើតេស្តរកមេរោគ COVID-19 ពេញមួយទីក្រុងតែម្តង នាថ្ងៃអាទិត្យនេះ បន្ទាប់ពីករណីឆ្លងក្នុងសហគមន៍ នៃវីរុសបំប្លែងថ្មី Omicron យ៉ាងហោច២ករណី ត្រូវបានរកឃើញជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៩ ខែមករា ឆ្នាំ២០២២។
រដ្ឋបាលទីក្រុង Tianjin បានឱ្យដឹងថា ប្រជាជនដែលរស់នៅក្នុងសង្កាត់ចំនួន៤ នឹងត្រូវធ្វើតេស្តក្នុងកំលុងពេល ២៤ម៉ោងខាងមុខ ខណៈនៅសង្កាត់ដទៃទៀត នឹងត្រូវចាប់ផ្តើមការធ្វើតេស្តនៅថ្ងៃបន្ទាប់។ ប្រជាជននៅទីក្រុង Tianjin នឹងទទួលបានលេខកូដសុខភាពពណ៌បៃតង ដែលចាំបាច់សម្រាប់ការធ្វើដំណើរ បន្ទាប់ពីលទ្ធផលធ្វើតេស្តរបស់ពួកគេ ចេញមកអវិជ្ជមាន។ ទីក្រុង Tianjin មានប្រជាជនរស់នៅសរុបជិត ១៤លាននាក់។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះ អាជ្ញាធរសុខាភិបាលចិន បានរាយការណ៍ពីករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន១៦៥នាក់ សម្រាប់ថ្ងៃទី០៨ ខែមករា។ ក្នុងនោះ ៩២នាក់ជាករណីឆ្លងក្នុងសហគមន៍ ហើយភាគច្រើនត្រូវបានរាយការណ៍ចេញពី ខេត្ត ហឺណាន (Henan) និងខេត្ត សានស៉ី (Shaanxi)។ គិតត្រឹមថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ចិនមានករណីឆ្លងសរុបត្រឹម ១០៣,៦១៩នាក់ ខណៈតួលេខអ្នកស្លាប់ស្ថិតនៅដដែល គឺ៤,៦៣៦នាក់៕