(ម៉ានីល)៖ មនុស្ស ៩នាក់បានស្លាប់ និងរាប់រយនាក់ទៀតធ្លាក់ខ្លួនឈឺ ដោយសារជំងឺរាគរូស នៅក្នុងតំបន់មួយចំនួននៃប្រទេសហ្វីលីពីន ដែលបានរងគ្រោះដោយសារ ព្យុះទីហ្វុង កាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ ខណៈប្រជាជនជាច្រើនកំពុងខ្វះខាតចំណីអាហារ និងទឹកស្អាតប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២។
អ្នកស្លាប់ដោយសារជំងឺរាគរូសទាំង ៩នាក់ខាងលើ ត្រូវបានរាយការណ៍នៅកោះ ឌីណាហ្គេត (Dinagat) និងកោះ ស៊ីយ៉ាហ្គៅ (Siargao) នៅថ្ងៃសុក្រសប្ដាហ៍នេះ ហើយមនុស្សសរុប ៨៩៥នាក់ បានធ្លាក់ខ្លួនឈឺជាមួយអាការរាគរូស ចាប់តាំងពីព្យុះទីហ្វុង រ៉ៃ (Rai) វាយប្រហារលើហ្វីលីពីនកាលពីខែធ្នូ ឆ្នាំ២០២១មក។ អាជ្ញាធរហ្វីលីពីនដែលធ្វើការពាក់ព័ន្ធនឹងការងារ ជួយសង្រ្គោះ បាននិងកំពុងប្រឹងប្រែងផ្ដល់ការជួយសង្រ្គោះ និងព្យាបាលអ្នកជំងឺ ប៉ុន្តែព្រមពេលជាមួយគ្នាពួកគេក៏បានទទូចផងដែរ នូវជំនួយជាបន្ទាន់ក្នុងនោះរួមមាន ទាំងទឹកស្អាត និងស្បៀងអាហារ។
គួរបញ្ជាក់ថា ព្យុះទីហ្វុង Rai វាយប្រហារលើហ្វីលីពីនកាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ បានផ្ដាច់ជីវិតមនុស្ស ៤០២នាក់ និងច្រើនជាង ១,២០០នាក់រងរបួស ហើយ ៧៨នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ ព្រមទាំងមនុស្សយ៉ាងហោច ៣៧០,០០០នាក់កំពុងស្នាក់នៅជម្រកបណ្ដោះអាសន្ន៕