(ស៊ីដនី)៖ អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ម៉ាល់ខុម ធើនប៊ុល (Malcolm Turnbull) បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 នៅក្នុងថ្ងៃសៅរ៍នេះតែម្តង ខណៈប្រទេសអូស្ត្រាលីទាំងមូល កំពុងមើលឃើញការផ្ទុះករណីឆ្លងប្រចាំថ្ងៃយ៉ាងគំហុក បង្កឡើងដោយមេរោគបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២។
លោក Turnbull ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីអូស្ត្រាលី ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨ បានបង្ហោះសារលើគណនី Twitter របស់លោកយ៉ាងដូច្នេះថា «មិនខុសពីប្រជាជនអូស្ត្រាលីរាប់សែននាក់ទៀតនោះឡើយ ពេលនេះរូបខ្ញុំក៏បានឆ្លងជំងឺ COVID-19 នេះដែរ។ មកទល់នឹងពេលនេះ ខ្ញុំមានរោគសញ្ញាកម្រិតមធ្យមប៉ុណ្ណោះ។ ជំងឺរាតត្បាតសកលរលកចុងក្រោយនេះ បានធ្វើឲ្យអ្នកជំនាញសុខាភិបាលទាំងឡាយរបស់យើង ទទួលរងសម្ពាធធ្ងន់ធ្ងរណាស់»។
ពេលនេះលោក Malcolm Turnbull កំពុងតែសម្រាកព្យាបាលដាច់ដោយឡែក នៅក្នុងលំនៅឋានរបស់លោកផ្ទាល់ ហើយលោកក៏បានផ្ញើសារលើកទឹកចិត្ត ជូនចំពោះក្រុមការងារសុខាភិបាលផងដែរ។ អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះ បានណែនាំប្រជាជនទាំងអស់ ឲ្យផ្តល់ក្តីស្រឡាញ់ និងគោរព ដែលបុគ្គលិកសុខាភិបាលទាំងអស់សមនឹងទទួលបាន ព្រោះតែរយៈពេល ២ឆ្នាំមកនេះ ពួកគេបានទទួលរងសម្ពាធ ដែលមិនអាចគណនាបានឡើយ។
គួរបញ្ជាក់ថា នៅក្នុងព្យុះរលកចុងក្រោយ នៃការឆ្លងរាតត្បាតជំងឺ COVID-19 ដែលបង្កឡើងដោយវីរុស COVID បំប្លែងថ្មី Omicron នេះ បានធ្វើឲ្យប្រទេសអូស្ត្រាលី ស្គាល់ជាលើកដំបូងនូវករណីឆ្លងជាង ១១៥,០០០នាក់ក្នុងមួយថ្ងៃ, នេះបើតាមរបាយការណ៍ថ្មី ចេញនៅក្នុងថ្ងៃសៅរ៍នេះតែម្តង។ គិតត្រឹមពេលនេះ អូស្ត្រាលីមានករណីឆ្លង COVID-19 សរុប ៨៧៧,៩០២ករណី ក្នុងនោះស្លាប់សរុប ២,៣៤៤នាក់៕