(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៨៤៩,១៨១នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,០២៥នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៦០,៤៦៤,៤២៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៥៨,៣៤៦នាក់ និងជាសះស្បើយឡើងសរុបជាង ៤២.១៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
អាជ្ញាធរសុខាភិបាលនៃសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា វីរុស COVID-19 បំប្លែងថ្មី Omicron បាននិងកំពុងធ្វើឲ្យអត្រា អ្នកចូលសម្រាកក្នុងមន្ទីរពេទ្យ កើនយ៉ាងគំហុកឡើងវិញ បើធៀបនឹងអំលុងខែមករា ឆ្នាំ២០២១ ដែលជាពេលអាមេរិកបានរងការវាយលុកខ្លាំង ដោយសារវីរុស Delta។ តែយ៉ាងណា អត្រាស្លាប់បង្កឡើងដោយ Omicron គឺហាក់នៅទាបជាង Delta។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥១៥លានដូស ក្នុងនោះប្រជាជន ២៤៥.៦៥លាននាក់ (៧៤.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៥.៤១លាននាក់ (៦២.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៧២.៨៧លាននាក់ (២២.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕