(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងថ្លែងសុន្ទរកថាប្រចាំឆ្នាំស្ដីពី «ស្ថានភាពសហព័ន្ធ ឬ State of the Union Address» ទៅកាន់សភាជាតិ សហរដ្ឋអាមេរិក នៅថ្ងៃទី១ ខែមីនាខាងមុខនេះ ដែលត្រូវធ្វើឡើងយឺតពេលជាងរាល់ដង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៨ ខែមករា ឆ្នាំ២០២២។
នៅសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) សេតវិមានបានឱ្យដឹងទៀតថាប្រធានសភាតំណាងរាស្ត្រអាមេរិក
លោកស្រី Nancy Pelosi បានផ្ញើលិខិតអញ្ជើញលោក ចូ បៃដិន ឱ្យថ្លែងសុន្ទរកថាប្រចាំឆ្នាំនៅឯសម័យប្រជុំរួមនៃសភាទាំង២ របស់សហរដ្ឋអាមេរិក នៅថ្ងៃទី១ ខែមីនា ដើម្បីចែករំលែកចក្ខុវិស័យរបស់លោកសម្រាប់ប្រទេសជាតិ។ សេតវិមានបន្ថែមថាលោកប្រធានាធិបតី ចូ បៃដិន ក៏បានទទួលយកការអញ្ជើញនេះដែរ។
គួរបញ្ជាក់ថា ជាធម្មតា ការថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់ប្រធានាធិបតីអាមេរិកស្ដីពី «ស្ថានភាពសហព័ន្ធ» ត្រូវធ្វើឡើងនៅចុងខែមករា ឬនៅដើមខែកុម្ភៈ ហើយការលើក ពេលនេះ អាចបណ្ដាលមកពីការកើនឡើងករណីឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិក ដែលបង្កឡើងដោយមេរោគបំប្លែងថ្មីអូមីក្រុង៕