(ប៉េកាំង)៖ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ តទៅ «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (ហៅកាត់ RCEP)» និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជាបានចូលជាធរមានជាផ្លូវការ។ កិច្ចព្រមព្រៀងទាំងពីរនេះនឹងជំរុញយ៉ាងខ្លាំង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា ជាពិសេសនឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍដ៏ធំ លើវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។
តាមដំណឹងបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ អង្ករកម្ពុជាដែលនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២១ មានចំនួនលើសពី៣០ម៉ឺនតោនជាលើកដំបូង កើនឡើង ២២.៨២% បើធៀបនឹងឆ្នាំ ២០២០។
ពីចំនួន ៥,០០០ តោនដែលអង្ករកម្ពុជានាំចេញជាលើកដំបូង ទៅកាន់ប្រទេសចិននៅឆ្នាំ ២០១២ ដល់ចំនួនលើសពី ៣០ ម៉ឺនតោន នៅឆ្នាំ ២០២១ ជាការសម្រេចបានការលោតផ្លោះជាប្រវត្តិសាស្ត្រ។ នេះក៏បង្ហាញថា ក្រោមការគាំទ្រយ៉ាងពេលទំហឹងរបស់ប្រទេសចិន ឧស្សាហកម្មផលិត និងកែច្នៃអង្កររបស់កម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង។
ទន្ទឹមនឹងនេះ ផ្លែចេកស្រស់របស់កម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចិន ដោយជោគជ័យជាលើកដំបូងនៅឆ្នាំ ២០១៩ ផ្លែស្វាយស្រស់របស់កម្ពុជាត្រូវបាននាំចេញដោយផ្ទាល់ ទៅកាន់ប្រទេសចិនជាលើកដំបូងនៅខែឧសភា ឆ្នាំ ២០២១។ ថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិន និងកម្ពុជាកំពុងជំរុញយ៉ាងខ្លាំង ឱ្យការងារវាយតម្លៃហានិភ័យភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនកម្ពុជាទៅចិន។
ស្របនឹងពេលដែល «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (ហៅកាត់RCEP)» និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជាបានចូលជាធរមានជាផ្លូវការ អនុលោមកិច្ចព្រមព្រៀង សមាមាត្រនៃផលិតផលពន្ធគយសូន្យ ក្នុងពាណិជ្ជកម្មទំនិញរវាងភាគីទាំងពីរ បានឈានដល់ជាង ៩៧.៥% និង ៩០% ដោយឡែកពីគ្នា នេះជាកម្រិតខ្ពស់បំផុតដែលភាគីទាំងពីរ បានផ្តល់ជូនដៃគូពាណិជ្ជកម្មសេរីរបស់ខ្លួន។ នេះគឺជាផលប្រយោជន៍ដ៏ធំ សម្រាប់សហគ្រាសនាំចេញនាំចូលនៅប្រទេសកម្ពុជា ជាពិសេសសម្រាប់សហគ្រាសផ្នែកកសិកម្ម ។មិនត្រឹមតែការនាំចូលសម្ភារៈ និងទំនិញកសិកម្មអាចទទួលបានការអនុគ្រោះពន្ធ កាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែការនាំចេញកសិផលក៏អាចទទួលបាន ពន្ធសូន្យ នៃប្រទេសដៃគូផងដែរ។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងនេះនឹងជំរុញឱ្យកម្ពុជាសម្រេចបាននូវ ពិពិធកម្មនៃការនាំចេញ និងផ្តល់ឱកាសទីផ្សារកាន់តែច្រើនដល់កម្ពុជា សម្រាប់ការពង្រីកផលិតកម្មផ្នែកកសិកម្ម កែច្នៃកសិផល និងផលិតផលមិនមែនវាយនភណ្ឌ។
តាមស្ថិតិបង្ហាញឱ្យដឹងថា ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជាបានឡើងដល់ ១០.៩៨ ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ៤៥.៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០ ដែលសម្រេចបាននូវគោលដៅនៃទំហំពាណិជ្ជកម្មឆ្នាំ ២០២៣ ដែលកំណត់ដោយមេដឹកនាំរបស់ប្រទេសទាំងពីរគឺ ១០ ពាន់លានដុល្លារអាមេរិកមុនកាលកំណត់។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន និងកម្ពុជា គឺជានិមិត្តសញ្ញាថ្មីនៃការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដែលនឹងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតថ្មី និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរ៕