(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថាវ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» នៅតែមានប្រសិទ្ធភាពខ្ពស់ការពារ មិនឱ្យមនុស្ស ជាពិសេសមនុស្សចាស់ធ្លាក់ខ្លួនឈឺធ្ងន់ដោយសារមេរោគបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២។
បើតាមសេចក្ដីថ្លែងការណ៍មួយរបស់អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស រយៈពេលប្រហែលជា ៣ខែ ក្រោយការចាក់វ៉ាក់សាំងបង្ការដូសជំរុញ ឬដូសទី៣ វានៅតែមាន ប្រសិទ្ធភាពខ្ពស់ក្នុងកម្រិត ៩០ភាគរយ ការពារប្រឆាំងនឹងការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នៅក្នុងចំណោមក្រុមមនុស្សមានអាយុ៦៥ឆ្នាំឡើងទៅ។
សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ដូច្នេះថា «ទិន្នន័យបច្ចប្បន្នបង្ហាញថាវ៉ាក់សាំងដូសជំរុញ នៅតែមានប្រសិទ្ធភាពខ្ពស់ផ្ដល់ការការពារប្រឆាំងមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ បើទោះជានៅក្នុងចំណោមមនុស្សងាយរងគ្រោះបំផុត គឺមនុស្សចាស់ក៏ដោយ...ហើយក្រោមហេតុផលនេះ វាមិនទាន់មានភាពចាំបាច់បន្ទាន់តម្រូវឱ្យចាក់វ៉ាក់សាំង ដូសទី៤ នៅឡើយទេ»។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ចក្រភពអង់គ្លេសមានអ្នកឆ្លង COVID-19 ចំនួន ១៤.១៩លាននាក់ ក្នុងនោះស្លាប់ ១៤៩,៧៤៤នាក់ និងជាសះស្បើយឡើងវិញ ១០.៦៦លាននាក់៕