(អាល់ម៉ាធី)៖ សេតវិមានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះសេចក្តីរាយការណ៍អំពី ការដាក់ពង្រាយកងកម្លាំងរក្សាសន្តិសុខរបស់ អង្គការសន្ធិសញ្ញាសន្តិសុខរួម ហៅកាត់ CSTO ដែលដឹកនាំដោយប្រទេសរុស្ស៉ី នៅកាហ្សាក់ស្ថាន ហើយបានចោទសួរថា តើកម្លាំងទាំងនោះ ត្រូវបានខាងកាហ្សាក់ស្ថានអញ្ជើញឱ្យទៅដោយត្រឹមត្រូវ ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២។
ប្រទេសកាហ្សាក់ស្ថានដែលស្ថិតនៅតំបន់អាស៊ីកណ្តាល ជាច្រើនឆ្នាំមកនេះត្រូវបានគេមើលឃើញថា ជាប្រទេសអតីតសហភាពសូវៀត ដែលមានភាពស្ងប់សុខបំផុតមួយ។ ប៉ុន្តែនៅដើមឆ្នាំថ្មីនេះ ការមិនចុះសម្រុងគ្នារវាងប្រជាជននិងរដ្ឋាភិបាល ជុំវិញបញ្ហាឥន្ធនៈឡើងថ្លៃ បានបង្កឱ្យមានការតវ៉ា រហូតផ្ទុះជាអំពើហិង្សា។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងជាថ្មី នៅទីក្រុង អាល់ម៉ាធី (Almaty) បន្ទាប់ពីកងទ័ពរបស់រុស្ស៉ី ត្រូវបានបញ្ជូនទៅកាន់កាហ្សាក់ស្ថាន ដើម្បីជួយបង្រ្កាបភាពចលាចល ដែលបានផ្តាច់ជីវិតមនុស្សមួយចំនួន រួមមានទាំងខាងក្រុមបាតុករ និងខាងកម្លាំងសន្តិសុខរបស់កាហ្សាក់ស្ថាន។
លោកស្រី ជែន ផ្សាគី (Jen Psaki) អ្នកនាំពាក្យសេតវិមានអាមេរិក បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងឃ្លាំមើលយ៉ាងដិតដល់លើ សេចក្តីរាយការណ៍ ដែលថាអង្គការ CSTO បានចល័តកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ទៅកាន់ប្រទេសកាហ្សាក់ស្ថាន។ យើងមានសំណួរទាក់ទងទៅនឹង ចេតនាពិតប្រាកដនៃការបញ្ជូនកម្លាំងទ័ពនេះ ហើយតើវាគឺជា ការស្នើអញ្ជើញដោយត្រឹមត្រូវ ឬក៏យ៉ាងណា។ ពួកយើងមិនទាន់ដឹងច្បាស់ទេ នាពេលនេះ»។
គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងអំពើហិង្សា និងភាពចលាចល ប្រធានាធិបតីកាហ្សាក់ស្ថានលោក កាសស៊ីម ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) បានស្នើទៅកាន់អង្គការ CSTO ដែលមានសមាជិកសរុប ៦ប្រទេស ដែលសុទ្ធតែជារដ្ឋធ្លាប់ស្ថិតក្រោមអតីតសហភាពសូវៀត ឱ្យជួយទប់ស្កាត់នូវអ្វីដែលលោកហៅថា «ក្រុមភេរវករ» ដែលទទួលបានការហ្វឹកហ្វឺនពីបរទេស៕