(ប៉េកាំង)៖ នៅដើមឆ្នាំថ្មី មេដឹកនាំនៃប្រទេសចំនួន ៥ ដែលមានអាវុធនុយគ្លេអ៊ែរ ក្នុងនោះបូករួមទាំងប្រទេសចិន រុស្ស៊ី សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បានរួមគ្នាចេញផ្សាយសេចក្តីថ្លែងការណ៍រួម ស្តីពីបញ្ហាអាវុធនុយគ្លេអ៊ែរជាលើកដំបូង ដោយបានសង្កតធ្ងន់ថា «សង្គ្រាមនុយគ្លេអ៊ែរមិនអាចផ្ទុះឡើង ហើយក៏គ្មានអ្នកឈ្នះដែរ» ក៏ដូចជារំលឹកឡើងវិញថា «មិនប្រើអាវុធនុយគ្លេអ៊ែរតម្រង់ដាក់គ្នាទៅវិញទៅមក ឬចំពោះប្រទេសដទៃទៀត» ហើយ «ជៀសវាងការប្រឈមមុខដាក់គ្នាខាងផ្នែកយោធា និងបង្ការការប្រកួតប្រជែងខាងសព្វាវុធ» សហគមន៍អន្តរជាតិសម្តែងការស្វាគមន៍ជាទូទៅចំពោះរឿងនេះ។
ការអភិវឌ្ឍអាវុធនុយគ្លេអ៊ែររបស់ប្រទេសចិន គឺជាជម្រើសជាប្រវត្តិសាស្ត្រដែលបានធ្វើឡើងទាំងបង្ខំចិត្ត ដើម្បីឆ្លើយតបនឹងការគំរាមកំហែងផ្នែកនុយគ្លេអ៊ែរ បំបែកការផ្តាច់មុខខាងនុយគ្លេអ៊ែរ និងបង្ការសង្គ្រាមនុយគ្លេអ៊ែរ ក្នុងអំឡុងពេលប្រវត្តិសាស្ត្រដ៏ពិសេស។ ចាប់តាំងពីថ្ងៃដំបូងដែលមានអាវុធនុយគ្លេអ៊ែរមក ប្រទេសចិនក៏បានផ្តួចផ្តើមយ៉ាងសកម្ម ឱ្យហាមឃាត់ដោយគ្រប់ជ្រុងជ្រោយ និងកំទេចចោលទាំងស្រុងនូវអាវុធនុយគ្លេអ៊ែរ ហើយបានរក្សាកម្លាំងនុយគ្លេអ៊ែររបស់ខ្លួន ឱ្យនៅត្រឹមកម្រិតទាបបំផុតតាមតម្រូវការ នៃការការពារសន្តិសុខជាតិជាប់រហូតមក នេះជាការចូលរួមចំណែកដ៏សំខាន់ ចំពោះស្ថិរភាពជាយុទ្ធសាស្ត្រសកល។ ជានិច្ចកាល ប្រទេសចិនបានប្រកាន់ខ្ជាប់គោលនយោបាយ ស្តីពីការមិនប្រើប្រាស់អាវុធនុយគ្លេអ៊ែរមុនគេ ទោះក្នុងពេលណាឬកាលៈទេសៈណាក៏ដោយ ហើយបានសន្យាយ៉ាងច្បាស់ថា ចិនមិនប្រើប្រាស់ឬគំរាមកំហែងថា នឹងប្រើប្រាស់អាវុធនុយគ្លេអ៊ែរចំពោះប្រទេស និងតំបន់ដែលគ្មានអាវុធនុយគ្លេអ៊ែរដោយគ្មានលក្ខខណ្ឌ។ ប្រទេសចិនគឺជាប្រទេសតែមួយគត់ ដែលបានធ្វើការសន្យាបែបនេះក្នុងចំណោមប្រទេសទាំង ៥ ដែលមានអាវុធនុយគ្លេអ៊ែរ។
គួរបញ្ជាក់ផងដែរថា ក្នុងដំណាក់កាលរង្គោះរង្គើ និងកំណែទម្រង់នៃនិម្មាបនកម្មយុទ្ធសាស្ត្រអន្តរជាតិ ការគាំពារសុខសន្តិភាពពិភពលោក ត្រូវការកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំង ៥ ដែលមានអាវុធនុយគ្លេអ៊ែរ ជាពិសេស ក្នុងនាមជាប្រទេសដ៏ខ្លាំងក្លាបំផុតលើពិភពលោក សហរដ្ឋអាមេរិកចាំបាច់ត្រូវមានការអនុវត្តជាក់ស្តែង។
ក្នុងឆ្នាំ ២០២១ ដែលទើបបានកន្លងផុតទៅ សហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលីបានស្វែងរកធ្វើ កិច្ចសហប្រតិបត្តិការផែ្នកនាវាមុជទឹកនុយគ្លេអ៊ែរ ហើយបានបញ្ចេញសញ្ញាដ៏គ្រោះថ្នាក់ ដែលបំផុសនូវការប្រកួតប្រជែងខាងសព្វាវុធក្នុងតំបន់។ លើសពីនេះទៅទៀត ក្នុងសេចកី្តព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២២ ដែលមេដឹកនាំអាមេរិកបានអនុម័តនាពេលថ្មីៗកន្លងទៅនេះ មានថវិកាចំនួន ២៧.៨ពាន់លានដុល្លារអាមេរិក នឹងប្រើប្រាស់សម្រាប់គម្រោងអាវុធនុយគ្លេអ៊ែរ។ល។ ដោយសារគិតពិចារណាពី ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ សហរដ្ឋអាមេរិកបាននិងកំពុងខិតខំស្វែងរក ឥទ្ធិពលកំញើញខាងនុយគ្លេអ៊ែររបស់ខ្លួន ដែលបានក្លាយជាចំណុចហានិភ័យដ៏សំខាន់ ក្នុងវិស័យសុវត្ថិភាពនុយក្លេអ៊ែរជាសកល។
ប្រទេសចិនរំពឹងថា ប្រទេសទាំង ៥ ដែលមានអាវុធនុយគ្លេអ៊ែរ នឹងធ្វើកិច្ចខិតខំប្រឹងប្រែងថែមមួយកម្រិតទៀត ដោយឈរលើមូលដ្ឋាននៃសេចក្តីថ្លែងការណ៍រួមនេះ ជាពិសេស គឺ លះបង់ចោលគោលនយោបាយកំញើញផែ្នកនុយគ្លេអ៊ែរ ដែលចាត់ទុកការប្រើប្រាស់អាវុធនុយគ្លេអ៊ែរមុនគេជាមូលដ្ឋាន ក៏ដូចជាសន្យាថា មិនប្រើប្រាស់អាវុធនុយគ្លេអែរមុនគេ តម្រង់ដាក់គ្នាទៅវិញទៅមក ព្រមទាំងធ្វើការចរចា ដើម្បីចុះហត្ថលេខាលើឯកសារច្បាប់អន្តរជាតិ ក្នុងន័យជំរុញការកសាងពិភពលោក ដែលមានសន្តិភាពយូរអង្វែងនិងសន្តិសុខជាទូទៅ។ ប្រទេសចិននឹងបន្តរួមចំណែកជាតម្រិះប្រាជ្ញា និងផែនការចិនក្នុងការជំរុញអភិបាលកិច្ចសកល ក្នុងវិស័យនុយគ្លេអ៊ែរ ហើយមានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ ដែលស្នេហាសន្តិភាព៕ (#CCFR Comment#)