(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) នឹងរៀបចំកិច្ចប្រជុំបិទទ្វារមួយ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីការធ្វើតេស្តមីស៊ីលថ្មីរបស់កូរ៉េខាងជើង ដែលត្រូវបានប្រទេសនេះអះអាងថា ជាប្រភេទ «មីស៊ីលលឿនជាងសំឡេង» (hypersonic missile)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២។

កិច្ចប្រជុំខាងលើនេះ ត្រូវបានស្នើឡើងដោយសមាជិកអចិន្ត្រៃយ៍នៃ UNSC ចំនួន ៣ ក្នុងចំណោម ៥ នោះគឺ សហរដ្ឋអាមេរិក, បារាំង និងចក្រភពអង់គ្លេស ព្រមទាំងសមាជិក UNSC ផ្សេងទៀតដូចជា អៀរឡង់ និងអាល់បានីជាដើម នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅញូយ៉ក)។ ការស្នើនេះបានកើតមានឡើងតែ ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានប្រកាសថា ខ្លួនទទួលបានជោគជ័យក្នុងការធ្វើតេស្ត មីស៊ីលមានល្បឿនលឿនជាងល្បឿនសំឡេងចំនួន ១គ្រាប់។

បើតាមមន្ត្រី UN ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងទៀតថា នឹងគ្មានសេចក្តីប្រកាសរួមណាមួយ ត្រូវបានគេរំពឹងថា អាចចេញនៅក្រោយកិច្ចប្រជុំ នៅថ្ងៃចន្ទខាងមុខនេះឡើយ ដោយវានឹងអាចមានត្រឹមសេចក្តីថ្លែងការណ៍ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការបាញ់សាកល្បងគ្រាប់មីស៊ីល កាលពីថ្ងៃពុធសប្តាហ៍នេះ គឺជាលើកដំបូងសម្រាប់កូរ៉េខាងជើង គិតចាប់តាំងពីខែតុលា ឆ្នាំ២០២១ ហើយវាត្រូវបានក្រុមអង្កេតការយោធា នៃប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនចាប់បាន ហើយរិះគន់ទីក្រុងព្យុងយ៉ាងចំពោះទង្វើនេះផងដែរ ខណៈពីដំបូងឡើយពួកគេបានសន្និដ្ឋានថា វាជាប្រភេទមីស៊ីលបាលីស្ទីកប៉ុណ្ណោះ។

KCNA បានចេញផ្សាយយ៉ាងដូច្នេះថា «ក្នុងការធ្វើតេស្តកាលពីថ្ងៃពុធ មីស៊ីលលឿនជាងសំឡេងមួយគ្រាប់ ត្រូវបានឧបករណ៍ជំរុញគ្រាប់រ៉ុក្កែត បាញ់ចេញ និងហោះនៅក្នុងរយៈចម្ងាយ ៧០០គីឡូម៉ែត្រ រួចទើបវាយប្រហារចំគោលដៅ ប្រកបដោយជោគជ័យ»។ KCNA ក៏បានបង្ហើបពីសមត្ថភាពយោធាកូរ៉េខាងជើង ក្នុងការធ្វើប្រតិបត្តិការបាញ់មីស៊ីល បើទោះបីជាស្ថិតក្នុងរដូវរងាក៏ដោយ។

នេះមិនមែនជាអាវុធប្រភេទថ្មី ដែលកូរ៉េខាងជើងបានធ្វើតេស្តនោះឡើយ ដោយកាលពីខែកញ្ញា ឆ្នាំ២០២១ ទីក្រុងព្យុងយ៉ាងបានប្រកាសជាលើកទី ១ នូវការធ្វើតេស្តមីស៊ីលលឿនជាងសំឡេង ដើម្បីបង្ហាញថា ខ្លួនក៏ដើរប្រកៀកនឹងមហាអំណាចយោធាកំពូលៗលើលោកផងដែរ នៅក្នុងការអភិវឌ្ឍអាវុធដ៏អស្ចារ្យប្រភេទនេះ៕