(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាមេរោគ COVID-19 បំប្លែងថ្មីអូមីក្រុង (Omicron) ប្រហែលជាមិនអាច បង្កឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរខ្លាំងជាងមេរោគបំប្លែងថ្មី Delta ទេ តែវាក៏មិនគួរត្រូវបានចាត់ទុកជាជំងឺស្រាលនោះដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២។
លោកស្រី Janet Diaz ជាប្រធានគ្រប់គ្រងផ្នែកគ្លីនិកនៃអង្គការ WHO ធ្វើការកត់សម្គាល់ខាងលើ ដោយផ្អែកលើការសិក្សាបឋមថ្មីមួយដែលបង្ហាញថាមេរោគបំប្លែងថ្មី Omicron ដែលត្រូវបានគេកំណត់អត្តសញ្ញាមុនគេនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃវិច្ឆិកា ឆ្នាំ២០២១ មានហានិភ័យទាបក្នុងការបង្កឱ្យអ្នកជំងឺត្រូវសម្រាក ព្យាបាលនៅឯមន្ទីរពេទ្យ បើធៀបទៅនឹងមេរោគបំប្លែងថ្មី Delta។ លោកស្រីបន្ថែមថា ធៀបទៅនឹង Delta ដូចគ្នា Omicron ក៏មិនសូវមានភាពកាចសាហាវ ឬធ្វើឱ្យ មនុស្សធ្លាក់ខ្លួនធ្ងន់ធ្ងរនោះដែរ ទាំងនៅក្នុងចំណោមមនុស្សវ័យក្មេង និងមនុស្សចាស់។ តែទោះជាបែបនេះក្ដី នេះមិនមែនមានន័យថា Omicron គួរត្រូវបានចាត់ទុកជា ប្រភេទជំងឺស្រាលឡើយ។
គួរបញ្ជាក់ថា ការសិក្សាបឋមជាច្រើននាពេលកន្លងមកនៅក្នុងចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង ក៏បានបញ្ជាក់ដែរថា Omicron មិនមានភាពកាចសាហាវជាង មេរោគបំប្លែងថ្មី Delta នោះទេ។ ប៉ុន្តែ មិនទាន់មានទិន្នន័យជាក់លាក់ ថាតើមនុស្សមានវ័យចំណាស់អាចប្រឈមមុខនឹងគ្រោះថ្នាក់បង្កឡើង Omicron ខ្លាំងដល់កម្រិត ណានោះទេ ខណៈបច្ចុប្បន្នការសិក្សាភាគច្រើនធ្វើឡើងតែនៅលើក្រុមមនុស្សវ័យក្មេង៕