(ម៉ូស្គូ)៖ ខណៈរុស្ស៊ីកំពុងប្រមូលផ្ដុំកងទ័ពនៅតាមតំបន់ព្រំដែនអ៊ុយក្រែន មិនមែនមានតែប្រជាជនអ៊ុយក្រែននោះទេដែលកំពុងព្រួយបារម្ភថាតើលោក វ្ល៉ាឌីមៀ ពូទីន កំពុងគិត ឬចង់បានអ្វីឱ្យប្រាកដពីពួកគេ។ ពោលគឺសូម្បីតែប្រជាជនកាហ្សាក់ស្ថាន ដែលធ្លាប់ជាដែនដីនៃអតីតសហភាពសូវៀត ក៏កំពុងបារម្ភដូចគ្នាដែរ។
បើតាមក្រុមអ្នកវិភាគលោកខាងលិច បច្ចុប្បន្នប្រជាជនកាហ្សាក់ស្ថានមិនមែនព្រួយបារម្ភជាបន្ទាន់ពីសកម្មភាពកងទ័ពរុស្ស៊ីនោះឡើយ។ តែអ្វីដែលពួកគេបារម្ភ នោះគឺ វោហាស័ព្ទរបស់ក្រុមអ្នកជាតិនិយមរុស្ស៊ី ក្នុងនោះរួមមានទាំងបុរសខ្លាំងនៃវិមានក្រឹមឡាំង លោក ពូទីន។ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ពូទីន បានសង្កត់ធ្ងន់ម្ដងហើយម្ដងទៀតពី «ពិភពរបស់រុស្ស៊ី» ដែលគេយល់ថាលោកចង់សំដៅទៅលើបណ្ដាប្រទេសដែលនិយាយភាសារុស្ស៊ី។
តួយ៉ាងនៅក្នុងសុន្ទរកថាឆ្នាំសកលរបស់លោកកាលពីពេលថ្មីៗនេះ លោក ពូទីន ធ្លាប់រំឮកដោយប្រយោលថាកាហ្សាក់ស្ថានគឺជាប្រទេសមួយនិយាយភាសារុស្ស៊ី ហើយ ការកត់សម្គាល់បែបនេះគឺជាការឆ្លើយតបទៅនឹងក្រុមសកម្មជនមួយចំនួនក្នុងប្រទេសកាហ្សាក់ស្ថាន ដែលបាន និងកំពុងធ្វើការតស៊ូមតិជំរុញឱ្យប្រើបា្រស់ ភាសាកាហ្សាក់ស្ថានជាភាសាចម្បងជំនួសឱ្យភាសារុស្ស៊ី។
កាហ្សាក់ស្ថានមានព្រំដែនគោកជាប់ប្រទេសរុស្ស៊ីដល់ទៅ ៦,៨៤៦គីឡូម៉ែត្រ ដែលជាព្រំដែនមានប្រវែងវែងជាងគេលំដាប់ទី២ នៅលើពិភពលោក។ កាហ្សាក់ស្ថាន មានប្រជាជនរុស្ស៊ីដែលត្រូវបានគេចាត់ទុកថាជាប្រជាជនភាគតិច តំណាង ២០ភាគរយ នៃប្រជាជនកាហ្សាក់ស្ថាន។ ជាការពិតណាស់ មិនមែនត្រឹមតែកាហ្សាក់ស្ថាន ទេ ដែលត្រូវបានក្រុមអ្នកជាតិនិយមរុស្ស៊ីចាត់ទុកថាជាដែនដីរបស់រុស្ស៊ី ដោយពួកគេចាត់ទុកតំបន់អាស៊ីកណ្ដាលទាំងមូលគឺជាដែនឥទ្ធិពលរបស់ខ្លួនតែម្ដង។
ការស្ទង់មតិក្រៅផ្លូវការមួយនៅក្នុងទីក្រុង Ridder មានប្រជាជនរុស្ស៊ីរស់នៅច្រើន និងស្ថិតនៅជាប់ព្រំដែនរុស្ស៊ី បានបង្ហាញថាប្រជាជនក្នុងទីក្រុងទាំងនេះភាគច្រើន មានទំនោរគំាទ្រ និងចង់ក្លាយជាផ្នែកមួយនៃទឹកដីរុស្ស៊ី ដែលនេះបានបង្កឱ្យមានការភ័យខ្លាចថាកាហ្សាក់ស្ថានអាចនឹងមានវាសនា ដូចជាតំបន់គ្រីមៀរបស់អ៊ុយក្រែន ដែលត្រូវបានរុស្ស៊ី ក្រសោបយកកាលពីឆ្នាំ២០១៤ តាមរយៈការបោះឆ្នោតប្រជាមតិមួយដែលបណ្ដាប្រទេសលោកខាងលិចហៅថាបំពានច្បាប់អន្តរជាតិ។ លោក ពូទីន ផ្ទាល់ថែមទាំងបានអះអាងថាកាហ្សាក់ស្ថានមិនមែនជារដ្ឋមួយនោះឡើយ ហើយប្រជាជនកាហ្សាក់ស្ថានក៏មិនធ្លាប់មានរដ្ឋផ្ទាល់ខ្លួននោះដែរ។
តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគលោកខាងលិចយល់ថារុស្ស៊ីដឹងច្បាស់ជាងនរណាៗទាំងអស់ថាវាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការបង្ខំ ឬដាក់សម្ពាធឱ្យ ប្រជាជនកាហ្សាក់ស្ថាន ដែលធ្លាប់ជាដែនដីអតីតសហភាពសូវៀត រស់នៅក្នុងនាមជាពលរដ្ឋរុស្ស៊ី ដូចដែលខ្លួនចង់បាននោះឡើយ។ ប៉ុន្តែ បណ្ដាប្រទេសក្នុងតំបន់អាស៊ី កណ្ដាលទាំងអស់ ក្នុងនោះរួមមានទាំងកាហ្សាក់ស្ថាន ក៏មិនអាចគេចរួចពីឥទ្ធិពលរុស្ស៊ី ហើយទីក្រុងម៉ូស្គូខ្លួនឯងក៏នឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយដណ្ដើមឥទ្ធិពល របស់ខ្លួននៅក្នុងតំបន់បាននោះដែរ៕
ប្រភព៖ eurasiareview (ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២)