(តេហេរ៉ង់)៖ ប្រមុខអ្នកដឹកនាំកិច្ចចរចារបស់អ៉ីរ៉ង់ លោក អាលី បាហ្កេរី កានី (Ali Bagheri Kani) កាលពីថ្ងៃពុធសប្តាហ៍នេះ បាននិយាយថា កិច្ចចរចានុយក្លេអ៊ែរដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងវីយែន ផ្តោតសំខាន់ទៅលើការដកទណ្ឌកម្មរបស់អាមេរិក ដែលបានដាក់មកលើអ៉ីរ៉ង់ ហើយលោកបានបន្ថែមថា ទំនោរនៃកិច្ចចរចាគឺហាក់មានលក្ខណៈវិជ្ជមាន និងបោះជំហានទៅមុខ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២។
លោក Ali Bagheri Kani បានធ្វើការលើកឡើងដូចខាងលើ មុនពេលចូលទៅកាន់សណ្ឋាគារ ផាលេអ៉ីស ខូបឺហ្គ (Palais Coburg) ជាទីដែលកិច្ចចរចាដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ហៅកាត់ថា JCPOA កំពុងតែប្រព្រឹត្តទៅ។ លោក កានី បានបង្ហាញការកត់សម្គាល់ថា គ្រប់គ្នាកំពុងបង្កើនកិច្ចប្រឹងប្រែង ដើម្បីសម្រេចឱ្យបាននូវលទ្ធផល កំលុងកិច្ចចរចាជុំទី៨នេះ។
ប្រមុខអ្នកដឹកនាំកិច្ចចរចាអ៉ីរ៉ង់រូបនេះ បានបន្តថា ការដកទណ្ឌកម្មដោយប្រសិទ្ធភាព ដែលសហរដ្ឋអាមេរិកបានដាក់មកលើអ៉ីរ៉ង់ គឺជាកូនសោគន្លឹះ ដើម្បីឆ្ពោះទៅសម្រេចបានការព្រមព្រៀងគ្នា ហើយប្រសិនបើភាគីដទៃទៀតបង្ហាញពីភាពប្រាកដប្រជា ក្នុងការដកទណ្ឌកម្ម នោះកិច្ចព្រមព្រៀងនឹងពិតជាអាចឆាប់សម្រេចបាន។
គួរបញ្ជាក់ថា អ៉ីរ៉ង់និងប្រទេសហត្ថលេខីចំនួន៥ទៀតរបស់ JCPOA រួមមានចិន រុស្ស៉ី ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានបើកកិច្ចចរចាប៉ុន្មានលើករួចមកហើយ នៅទីក្រុងវីយែននៃប្រទេសអូទ្រីស ដើម្បីព្យាយាមស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះឡើងវិញ បន្ទាប់ពីអាមេរិកដែល ធ្លាប់ជាប្រទេសហត្ថលេខីមួយដែរនោះ បានដកខ្លួនចេញកាលពីឆ្នាំ២០១៨ នៅក្រោមរដ្ឋបាលអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។ ទីក្រុងវ៉ាស៉ីនតោនមិនបានចូលរួមដោយផ្ទាល់ ក្នុងកិច្ចចរចាទាំងនេះទេ៕