(ហុងកុង)៖ រដ្ឋាភិបាលទីក្រុងហុងកុង នៅថ្ងៃពុធនេះ បានប្រកាសថាអ្នកដំណើរទាំងឡាយនៅលើជើងហោះហើរមកពីប្រទេសចំនួន៨ នឹងមិនត្រូវបានអនុញ្ញាតឱ្យ ចូល ឬចុះចតនៅលើទឹកដីហុងកុងនោះទេ សម្រាប់រយៈពេល១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី៨ ខែមករានេះតទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។

ការប្រកាសពីបម្រាមខាងលើធ្វើឡើងដោយប្រមុខរដ្ឋាភិបាលហុងកុង លោកស្រី Carrie Lam នៅឯសន្និសីទសារព័ត៌មានមួយ។ លោកស្រីបញ្ជាក់ទៀតថា បម្រាមនេះ នឹងត្រូវអនុវត្តលើអ្នកដំណើរមកពីប្រទេសអូស្ត្រាលី, ចក្រភពអង់គ្លេស, កាណាដា, បារាំង, ឥណ្ឌា, ប៉ាគីស្ថាន, ហ្វីលីពីន និងសហរដ្ឋអាមេរិក ក្នុងនោះរួមបញ្ចូលទាំង អ្នកដំណើររង់ចាំប្ដូរជើងហោះហើរផងដែរ។

បើតាមលោកស្រី Carrie Lam ការសម្រេចចិត្តដាក់ចេញបម្រាមធ្វើដំណើរខាងលើ ធ្វើឡើងដោយសារតែស្ថានការណ៍ប្រែប្រួលយ៉ាងឆាប់រហ័សនៃការឆ្លងរាលដាល COVID-19 នៅក្នុងទីក្រុងហុងកុង៕