(ប៉េកាំង)៖ ទាក់ទិននឹងករណីប៉ូលិសតំបន់ហុងកុងចាត់វិធានការស្របច្បាប់ចំពោះ «STANDNEWS» ដែលជាប្រព័ន្ធសារព័ត៌មានបណ្តាញអ៊ីនធើណេត នៅពេលថ្មីៗ កន្លងទៅនេះ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានចេញផ្សាយអ្វីដែលហៅថាសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដោយមួលបង្កាច់ភាគីចិនថាបានបំផ្លាញសេរីភាពសារព័ត៌មាននៅតំបន់ហុងកុង ហើយប្រទេសលោកខាងលិចមួយចំនួនតូច ដូចជាអង់គ្លេស, កាណាដា និងអូស្ត្រាលី ជាដើមបានធ្វើតាមអាមេរិក សម្តែងឆាកល្ខោននយោបាយម្តងទៀតដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនដោយយក «សេរីភាពសារព័ត៌មាន» ធ្វើជាលេស ប្រការនេះបានលាតត្រដាងថែមមួយកម្រិតទៀតនូវបំណងអាក្រក់របស់ពួកគេដែលរួមជាមួយជនខិលខូចចង់ឱ្យតំបន់ហុងកុងមានភាពចលាចល បំផ្លាញវិបុលភាព និងស្ថិរភាពរបស់តំបន់ហុងកុង។

ងាកទៅមើលសាវតារបស់ «STANDNEWS» អាចឃើញថា គេតែងតែចេញផ្សាយដំណឹងតែងលម្អរឿងអំពើហិង្សា និងញុះញង់ឱ្យចងគំនុំជាមួយប៉ូលិសជាច្រើន។ បន្ទាប់ពីប្រកាសអនុវត្តច្បាប់សន្តិសុខជាតិនៅតំបន់ហុងកុងរួច អង្គការនេះនៅតែបន្តចុះផ្សាយអត្ថបទដែលញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិជាច្រើនទៀតដែល អួតថា «ដាក់ទណ្ឌកម្មទៅលើប្រទេសចិន» និងញុះញង់ឱ្យអនុវត្តការវាយប្រហារដោយភេរវកម្មបែបចចកនៅតំបន់ហុងកុងជាដើម។

ដូច្នេះ អាចឃើញថា «STANDNEWS» មិនមែនជាប្រព័ន្ធសារព័ត៌មានប្រក្រតីមួយនោះទេ តែគឺជាអង្គការបង្ករឿងហេតុដែលយក «សេរីភាពសារព័ត៌មាន» ធ្វើជាលេស ជាភ្នាក់ងារនៃកម្លាំងប្រឆាំងប្រទេសចិននិងបង្កភាពវឹកវរនៅតំបន់ហុងកុងដែលមាន លក្ខណៈប្រឆាំងប្រទេសជាតិនិងប្រឆាំងរដ្ឋាភិបាល យ៉ាងច្បាស់ក្រឡែត។ ដូចនេះ ប៉ូលិសតំបន់ហុងកុងយកមូលហេតុជាប់សង្ស័យពីបទគប់គិតគ្នាចេញផ្សាយសៀវភៅ ឬទស្សនាវដ្តីញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិ ធ្វើចំណាត់ការស្របច្បាប់ទៅលើអង្គការនេះដោយចាប់ខ្លួនបុគ្គលិកពាក់ព័ន្ធ គឺជាទង្វើដ៏យុត្តិធម៌ត្រឹមត្រូវក្នុងការគាំពារសន្តិសុខជាតិ ការពាររបៀបរៀបរយសង្គម និងនីតិរដ្ឋរបស់ហុងកុង។

ប៉ុន្តែ អ្នកនយោបាយអាមេរិក និងប្រទេសលោកខាងលិចដែលមាន លោក Antony Blinken ជាតំណាងបែរជាមិនអើពើនឹងការពិតជាមូលដ្ឋាននេះសោ ថែមទាំង បានមួលបង្កាច់ថា «សេរីភាពសារព័ត៌មាននៃតំបន់ហុងកុងត្រូវបានរំលោភបំពាន»។ ប្រការនេះអាចបង្ហាញថា ពួកគេយកចិត្តទុកដាក់ចំពោះសេរីភាពសារព័ត៌មាន គឺជារឿងក្លែងក្លាយ តាមការពិតគឺមិនចង់ឃើញស្ថិរភាព និងនីតិរដ្ឋនៅតំបន់ហុងកុងនោះឡើយ។

សេរីភាពសារព័ត៌មានមិនមែនជាផ្ទាំងស៊ីបនៃបទឧក្រិដ្ឋល្មើសច្បាប់ទេ ហើយក៏មិនមែនជាឧបករណ៍នយោបាយនៃកម្លាំងបរទេសក្នុងការប៉ុនប៉ង បង្កភាពវឹកវរ នៅហុងកុង និងប្រឆាំងប្រទេសចិនផងដែរ។ សូមដាស់តឿនអ្នកនយោបាយអាមេរិក និងប្រទេសលោកខាងលិចឱ្យគោរពការពិត មើលឱ្យច្បាស់នូវនិន្នាការទូទៅ ប្រញាប់បញ្ឈប់បំផ្លាញប្រព័ន្ធច្បាប់តំបន់ហុងកុងភ្លាម និងបញ្ឈប់ជ្រៀតជ្រែកកិច្ចការតំបន់ហុងកុង និងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ និន្នាការប្រវត្តិសាស្ត្រដែល តំបន់ហុងកុងបញ្ចប់ភាពចលាចល និងមានស្ថិរភាពឡើងវិញ គឺមិនអាចរារាំងបានទេ ឆាកល្ខោន «ស្តង់ដារពីរ» ដ៏អាក្រក់ និងលាក់ពុតរបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចគួរតែបញ្ចប់ក្នុងពេលឆាប់ៗ!