(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Naftali Bennett នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថា វ៉ាក់សាំងបង្ការ COVID-19 ដូសទី៤ អាចបង្កើន ចំនួនអង់ទីករ ដល់ទៅ ៥ដង ក្នុងមួយសប្ដាហ៍ នៅក្រោយទទួលបានការចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។
លោក Naftali Bennett ធ្វើការកត់សម្គាល់បែបនេះដោយផ្អែកលើរបាយការណ៍ការសិក្សាបឋមលើការចាក់វ៉ាក់សាំងដូសទី៤ នៅក្នុងប្រទេសអ៉ីស្រាអែល។ លោក បានបញ្ជាក់ដូច្នេះថា «ក្នុងមួយពេលមួយសប្ដាហ៍ ក្រោយការចាក់វ៉ាក់សាំងដូសទី៤ យើងបានមើលឃើញថាវ៉ាក់សាំងដូសទី៤ ពិតជាមានសុវត្ថិភាពខ្ពស់...ហើយ យើងក៏មើលឃើញផងដែរថាចំនួនអង់ទីករបានកើនឡើងដល់ទៅ ៥ដង នៅលើខ្លួនអ្នកដែលបានចាក់វ៉ាក់សាំង (ដូសទី៤)»។
គួរបញ្ជាក់ថា បច្ចុប្បន្ន អ៉ីស្រាអែល កំពុងដំណើរការការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៤ សម្រាប់មនុស្សចាស់មានវ័យ ៦០ឆ្នាំឡើងទៅ, បុគ្គលិកសុខាភិបាល និងអ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយ ប្រឈមមុខនឹងការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃមេរោគបំប្លែងថ្មី Omicron៕