(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះថា យើងនឹងគ្មានថ្ងៃសុំទោសឡើយ ចំពោះជនសង្ស័យ, អ្នកប្រើប្រាស់ និងអ្នកជួញដូរគ្រឿងញៀន ដែលបានស្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាប ដោយប៉ូលិសជាតិហ្វីលីពីននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។
យោងតាមទិន្នន័យពីរដ្ឋាភិបាលហ្វីលីពីនផ្ទាល់ ជនសង្ស័យពាក់ព័ន្ធគ្រឿងប្រមាណជាង ៦,២០០នាក់ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការបង្ក្រាបចាប់ពីខែមិថុនា ឆ្នាំ២០១៦ ដល់ខែវិច្ឆិកា ឆ្នាំ២០២១។ កន្លងមកនេះ ក្រុមអ្នកការពារសិទ្ធិមនុស្ស បានរិះគន់អ្នកអនុវត្តច្បាប់នៅហ្វីលីពីន អំពីការសម្លាប់សូម្បីតែជនសង្ស័យ ប៉ុន្តែប៉ូលិសហ្វីលីពីនបានឆ្លើយតបវិញថា ពួកគេបានសម្លាប់តែ ជនសង្ស័យប្រដាប់ដោយអាវុធ និងបង្កអំពើហិង្សាប្រឆាំងនឹងការចាប់ខ្លួនប៉ុណ្ណោះ។
ជុំវិញការចោទសួរសាជាថ្មី អំពីភាពទទួលខុសត្រូវក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននេះ លោក Duterte បានថ្លែងទៅកាន់ប្រជាជាតិលោកទាំងមូលថា «ខ្ញុំនឹងគ្មានថ្ងៃ... គ្មានថ្ងៃសុំអភ័យទោស ចំពោះការស្លាប់ទាំងនោះឡើយ...។ សម្លាប់ខ្ញុំទៅ... ចាប់ខ្ញុំដាក់គុកទៅ... ខ្ញុំនឹងមិនសុំទោសជាដាច់ខាត»។
គួរបញ្ជាក់ថា នៅក្នុងការថ្លែងសារស្វាគមន៍ឆ្នាំថ្មី ទៅកាន់ប្រជាជាតិ, លោក Duterte បានសន្យាការពារមន្ត្រីមានសមត្ថកិច្ច នៅក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ ហើយប្រធានាធិបតីហ្វីលីពីនរូបនេះ ក៏បានប្រាប់ពួកគេឲ្យប្រយុទ្ធតស៊ូដើម្បីការពារជីវិត នៅពេលស្ថិតក្នុងគ្រោះថ្នាក់ផងដែរ៕