(ម៉ូស្គូ)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានផ្ញើសារជូនពរ ក៏ដូចជាអបអរសាទរឆ្នាំថ្មីទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាឱកាសថ្ងៃចូលឆ្នាំ សកល ២០២២ កន្លងទៅនេះ ហើយសារមួយនេះត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass ជាមួយការបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ ការវិវត្តដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងចិន និងរុស្ស៊ីសព្វថ្ងៃ។
នេះអាចជាឧទាហរណ៍មួយបញ្ជាក់ថាតើទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង បាន និងកំពុងបង្កើនការសម្របសម្រួលគោលនយោបាយរបស់ពួកគេ និងកំពុងបង្កើតសម្ពន្ធភាពថ្មីមួយយ៉ាងដូចម្ដេច? វត្ថុបំណងរបស់ចិន និងរុស្ស៊ី ត្រូវបានក្រុមអ្នកជំនាញលោកខាងលិចមើលឃើញថាជាការព្យាយាមបង្កើតបទដ្ឋានថ្មីមួយសម្រាប់ ពិភពលោក ដែលមានមហាអំណាចច្រើន និងដើម្បីលុបបំបាត់ភាពជាមហាអំណាចផ្ដាច់មុខរបស់សហរដ្ឋអាមេរិកដែលនៅតែបន្តមាន ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០មក។
នៅក្រោយសហរដ្ឋអាមេរិក និង NATO ដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថាទីក្រុងម៉ូស្គូអាចនឹង ទទួលស្គាល់រដ្ឋាភិបាលដឹកនាំដោយតាលីបង់។ លោក Sergei Lavrov បានលើកឡើងដូច្នេះថា «ការសម្រេចចិត្តទទួលស្គាល់រដ្ឋាភិបាលតាលីបង់ គឺវាអាស្រ័យលើ ការអនុវត្តនូវរាល់ពាក្យសន្យារបស់ពួកគេ ហើយចិន និងរុស្ស៊ីអាចនឹងធ្វើការងារជាមួយគ្នាលើបញ្ហាអ៉ីរ៉ង់ រួមទាំងអាហ្វហ្កានីស្ថានផងដែរ»។
ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងចិន និងរុស្ស៊ីនេះដែរ ក្រសួងការបរទេសចិនកាលពីសប្ដាហ៍មុន បានស្រង់សម្ដីលោក ស៊ី ជិនពីងដោយបញ្ជាក់ថារូបលោកពិតជាពេញ ចិត្តជាខ្លាំងចំពោះការវិវត្តដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំង ២។ លោក ស៊ី ជិនពីង បន្ថែមថា «ក្នុងឆ្នាំ២០២២, ប្រទេសរបស់ពួកយើងប្រារព្ធ ព្រឹត្តិការណ៍កីឡាចិន-រុស្ស៊ីប្រចាំឆ្នាំ ហើយនឹងកត់ត្រានូវទំព័រប្រវតិ្តសាស្ត្រថ្មីមួយនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង២ ដែលបានឆ្លងកាត់ពី ជំនាន់ទៅជំនាន់មួយ»។
បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី លោក ពូទីន នឹងត្រូវចូលរួមក្នុងការព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុងប៉េកាំង ខណៈរុស្ស៊ី និងចិនបានធ្វើការជាមួយគ្នា យ៉ាងល្អក្នុងឆ្នាំ២០២១កន្លងទៅ ដោយអាចសម្រេចបាននូវការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាសកល។
គួរបញ្ជាក់ថា បើតាមអ្នកជំនាញ រុស្ស៊ីបច្ចុប្បន្នកំពុងប្រឹងប្រែងពង្រីកឥទ្ធិពលរបស់ខ្លួនឡើងវិញនៅលើឆាកអន្តរជាតិ តាមរយៈការបង្កើនការធ្វើទំនាក់ទំនងការទូត ជាមួយបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍ រួមទាំងតំបន់អាស៊ីខាងត្បូង ដោយលោក ពូទីនបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា កាលពី ខែធ្នូ ឆ្នាំ២០២១។ មិនតែប៉ុណ្ណោះ រុស្ស៊ីក៏មើលឃើញផងដែរថាវិបត្តិសលលនាពេលបច្ចុប្បន្ននេះ គឺជាឱកាសមួយសម្រាប់រុស្ស៊ី ហើយឱកាសនេះទៀតសោត នឹង កើតឡើងតាមរយៈការធ្វើកិច្ចសហការជាមួយចិន ដោយប្រទេសទាំង២ នឹងទាញយកប្រយោជន៍ទៅវិញទៅមក ដើម្បីទប់ទល់ជាមួយសហរដ្ឋអាមេរិក និងលោកខាងលិច៕
ប្រភព៖ jpost (ថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២)