(ហ្សេរុយសាឡឹម)៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាហ៍មួដ អាប់បាស់ (Mahmoud Abbas) នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា ជំហាននយោបាយថ្មីមួយ គួរតែត្រូវបានបើកចំហ ដើម្បីបិទបញ្ចប់ការត្រួតត្រារបស់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២។
លោក Mahmoud Abbas បានធ្វើការកត់សម្គាល់ខាងលើនេះ នាឱកាសចូលរួមក្នុង កិច្ចប្រជុំក្រុមប្រឹក្សាបដិវត្តន៍នៃគណបក្ស ហ្វាតាហ៍ (Fatah) របស់លោក និងត្រូវបានដកស្រង់សម្ដី ដោយទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA។ លោក Abbas បានបញ្ជាក់ដូច្នេះថា «ប៉ាឡេស្ទីននឹងមិនយល់ព្រមស្ថិតនៅក្រោម ការត្រួតត្រារបស់អ៉ីស្រាអែលជារៀងរហូតនោះទេ ហើយការត្រួតត្រាត្រូវតែបញ្ចប់ អនុលោមតាមច្បាប់អន្តរជាតិ និងយន្ដការ ក្វត (Quarte)»។
គួរបញ្ជាក់ថា Quarte គឺសំដៅទៅលើយន្ដការមួយ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០២ ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដោយអង្គការសហប្រជាជាតិ, សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប និងរុស្ស៊ី។ យន្ដការនេះមានគោលដៅសម្របសម្រួល ក្នុងការស្វែងរកសន្តិភាពរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន៕