(សេអ៊ូល)៖ យន្តហោះចម្បាំងធុន F-35A មួយគ្រឿងរបស់កងទ័ពអាកាសកូរ៉េខាងត្បូង បានធ្វើការចុះចតជាបន្ទាន់ កំលុងការហោះហើរហ្វឹកហ្វឺនមួយនាថ្ងៃអង្គារនេះ បន្ទាប់ពីបញ្ហាប្រព័ន្ធអេឡិចត្រូនិចបង្កឱ្យកង់យន្តហោះ មិនអាចទម្លាក់ចេញបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២។

យន្តហោះចម្បាំង F-35A នោះ បានចុះចតទាំងទម្លាក់កង់មិនចេញនៅលើផ្លូវចត ក្នុងមូលដ្ឋានទ័ពអាកាសមួយកន្លែងរបស់កូរ៉េខាងត្បូង ស្ថិតនៅទីក្រុងសូសាន (Seosan) ចម្ងាយជាង១៥០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល កាលពីវេលាម៉ោង១២៖៥១នាទីថ្ងៃត្រង់ (ពេលវេលានៅទីក្រុងសេអ៊ូល) បន្ទាប់ពីកង់របស់យន្តហោះបានជួបបញ្ហា ដោយសារតែប្រព័ន្ធអេឡិចត្រូនិច។

មុនពេលចុះចត ខាងកងទ័ពអាកាសកូរ៉េខាងត្បូង បានបង្គាប់ឱ្យក្រុមពន្លត់អគ្គីភ័យ បាញ់សារធាតុពិសេសម៉្យាងក្រាលនៅលើផ្លូវចុះចត ដើម្បីជួយកុំឱ្យតួយន្តហោះរងការខូចខាតធ្ងន់ធ្ងរ។ ក្រោយការចុះចត អាកាសយានិកបានងើបដើរចាកចេញពីយន្តហោះ ដោយសុវត្ថិភាព។

កងទ័ពអាកាសកូរ៉េខាងត្បូង និងយោធាអាមេរិក គ្រោងបើកការស៉ើបអង្កេតរួមគ្នាមួយ ដើម្បីកំណត់ឱ្យច្បាស់លាស់ពីបញ្ហារបស់ យន្តហោះចម្បាំងខាងលើ ដែលផលិតដោយក្រុមហ៊ុនអាមេរិក ឡុកឃីដ ម៉ាទីន (Lockheed Martin)។ កងទ័ពអាកាសកូរ៉េខាងត្បូង ក៏នឹងផ្អាកប្រតិបត្តិការយន្តហោះចម្បាំង F-35A ទាំងអស់របស់ខ្លួនផងដែរ ដើម្បីរង់ចាំលទ្ធផលនៃការស៉ើបអង្កេតជាមុនសិន។

គួរបញ្ជាក់ថា មកទល់ពេលនេះ កូរ៉េខាងត្បូងទទួលបានយន្តហោះចម្បាំង F-35A ជាង៣០គ្រឿង ពីសហរដ្ឋអាមេរិក។ យន្តហោះ F-35 មានទាំងអស់ ៣ស៊េរី។ F-35A គឺជាប្រភេទសម្រាប់ប្រើប្រាស់ ក្នុងប្រតិបត្តិការរបស់កងទ័ពអាកាស ខណៈ F-35B សម្រាប់ប្រតិបត្តិការរបស់កងម៉ារីន និង F-35C សម្រាប់ប្រតិបត្តិការរបស់នាវាដឹកយន្តហោះចម្បាំង៕