(ភ្នំពេញ)៖ ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (ហៅកាត់ RCEP)» និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា បានចូលជាធរមាននិងចាប់ផ្តើមអនុវត្តជាផ្លូវការ។ កិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅលើពិភពលោក ដែលបានគ្របដណ្តប់ចំនួនប្រជាជនច្រើនជាងគេ មានទំហំសេដ្ឋកិច្ច និងពាណិជ្ជកម្មធំជាងគេ និងមានសក្តានុពលអភិវឌ្ឍន៍ខ្លាំងជាងគេ រីឯកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជាវិញ បានតំណាងឱ្យកម្រិតខ្ពស់បំផុតនៃប្រទេសទាំងពីរចិន និងកម្ពុជាក្នុងកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេស ដែលសម្រេចការអនុម័តលើកិច្ចព្រមព្រៀង RECP មុនគេ រាជរដ្ឋាភិបាលនិងមជ្ឈដ្ឋានអ្នកសិក្សាស្រាវជ្រាវរបស់កម្ពុជា មានក្ដីរំពឹងទុកជាខ្លាំង ចំពោះការចូលជាធរមានរបស់កិច្ចព្រមព្រៀង RECP។ ចំពោះកិច្ចព្រមព្រៀងនេះ មន្ត្រីនិងអ្នកជំនាញរបស់កម្ពុជាបានថ្លែងថា នេះជានិមិត្តសញ្ញាក្នុងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរបស់កម្ពុជា និងចិន ហើយនឹងក្លាយទៅជាម៉ាស៊ីនជំរុញការនាំចេញរបស់កម្ពុជា ក៏ដូចជានឹងជួយកម្ពុជាស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីបញ្ចប់ជំងឺកូវីដ១៩។
នាពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានថា បន្ទាប់ពី «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» ចូលជាធរមានជាផ្លូវការកាលពីថ្ងៃទី១ ខែមករាឆ្នាំ២០២២ ទំនិញកសិកម្ម ទំនិញកសិកម្មកែច្នៃ និងទំនិញឧស្សាហកម្ម កាន់តែច្រើនរបស់ប្រទេសកម្ពុជា អាចទទួលបានការអនុគ្រោះពន្ធ។ សេចកី្តប្រកាសព័ត៌មានបានដកស្រង់លទ្ធផល នៃការសិក្សាស្រាវជ្រាវរបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា បានបង្ហាញថា កម្ពុជាអាចនឹងមានកំណើននាំចេញប្រចាំឆ្នាំចំនួន ៧.៣ភាគរយ និងវិនិយោគចំនួន ២៣.៤ភាគរយ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា កិច្ចព្រមព្រៀង RCEP គឺជាជ័យជំនះនៃពហុភាគីនិយម និងពាណិជ្ជកម្មសេរី វានឹងក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ពង្រីកខ្សែសង្វាក់ផលិតកម្មក្នុងតំបន់ និងបង្កើតការងារ និងឱកាសទីផ្សារកាន់តែច្រើនសម្រាប់ប្រជាជន និងអាជីវកម្មក្នុងតំបន់ ។ ការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់ កំណើនសេដ្ឋកិច្ចកម្ពុជា។
យោងតាមទិន្នន័យនៃធនាគារពិភពលោកបានឱ្យដឹងថា ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាបានថយចុះ ៣.១ភាគរយ នៅឆ្នាំ២០២១ ល្បឿនកំណើនសេដ្ឋកិច្ចមានតែ ២.២ភាគរយប៉ុណ្ណោះ។ ប៉ុន្តែក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ អត្រាកំណើនសេដ្ឋកិច្ច គិតជាមធ្យមក្នុងមួយឆ្នាំៗរបស់កម្ពុជា បានកើនឡើងដល់ ៧.៧ភាគរយ ជាតួអង្គសេដ្ឋកិច្ចមួយក្នុងចំណោមតួអង្គសេដ្ឋកិច្ច ដែលមានកំណើនលឿនបំផុតក្នុងពិភពលោក។
ក្នុងបរិបទដែលសេដ្ឋកិច្ចកម្ពុជាថយថមចុះជាបន្តបន្ទាប់ ដោយសាររងឥទ្ធិពលពីជំងឺកូវីដ១៩ ដៃគូពាណិជ្ជកម្មប្រពៃណីដូចជាអឺរ៉ុប និងអាមេរិកជាដើមមិនគ្រាន់តែមិនផ្តល់ការគាំទ្រប៉ុណ្ណោះទេ ថែមទាំងបែរជាទម្លាក់កំហុសឱ្យកម្ពុជាទៀតផង។ នៅខែកុម្ភៈ ឆ្នាំ២០២០ សហភាពអឺរ៉ុបដែលជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា បានដកយកវិញនូវផ្នែកខ្លះនៃភាពអនុគ្រោះពន្ធ EBA របស់កម្ពុជា ដោយលើកយកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្វើជាលេស រីឯអាមេរិកវិញក៏ដូចគ្នាដែរ ដែលបានដាក់សម្ពាធទៅលើកម្ពុជាជាបន្តបន្ទាប់ ដោយយកបញ្ហាពុករលួយ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាដើមធ្វើជាលេស។ បើប្រៀបធៀបនឹងអឺរ៉ុប និងអាមេរិក ក្នុងនាមជាតួអង្គសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ប្រទេសចិនបានប្រកាន់ខ្ជាប់ឥរិយាបទ នៃប្រទេសធំជាប់ជានិច្ចក្នុងកិច្ចសហប្រតិបតិ្តការ និងការបែងចែកការងារលើឆាកអន្តរជាតិ។ ជាពិសេស គឺក្នុងរយៈពេលជំងឺកូវីដ១៩រីករាលដាលយ៉ាងធ្ងន់ធ្ងរ ស្ថានភាពសេដ្ឋកិច្ចសកលមានភាពអាប់អួក្រៃលែង សង្គមនិងសេដ្ឋកិច្ចត្រូវស្តារឡើងវិញជាបន្ទាន់ ជានិច្ចកាល ប្រទេសចិនបានសន្យាថា នឹងផ្តល់ផលប្រយោជន៍ និងការឈ្នះ-ឈ្នះដល់បណ្តាប្រទេសនានា ហើយរួមសុខរួមទុក្ខជាមួយបណ្តាប្រទេសនានា ដើម្បីរួមគ្នាជំនះលើឧបសគ្គ។
ការចុះហត្ថលេខានិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជាជាឧទាហរណ៍ដ៏ល្អមួយ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងមានអំណោយផលដល់កិច្ចសហប្រតិបតិ្តការក្នុងការផលិតរវាងប្រទេសទាំងពីរ និងបង្កើនកិច្ចកសាងខ្សែសង្វាក់ឧស្សាហកម្មកម្ពុជា ដើម្បីកៀរគរសហគ្រាសនៃបណ្តាប្រទេសនានាមកបណ្តាក់ទុននៅកម្ពុជា។
តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាបានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជានឹងជំរុញឱ្យកម្ពុជាសម្រេចបាននូវពិពិធកម្មនៃការនាំចេញ និងផ្តល់ឱកាសទីផ្សារកាន់តែច្រើនដល់កម្ពុជា សម្រាប់ការពង្រីកបង្កបង្កើតកសិកម្ម កែច្នៃកសិផល និងផលិតផលិតផលមិនមែនវាយនភណ្ឌ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ក្រសួងពាណិជ្ជកម្មកម្ពុជានឹងធ្វើកិច្ចសហប្រតិបតិ្តការយ៉ាងសកម្មជាមួយក្រសួងផ្សេងទៀត ខិតខំប្រឹងប្រែងពង្រីកការនាំចេញទំនិញទៅកាន់ដៃគូពាណិជ្ជកម្ម ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី ។ ដោយឡែកក្រសួងពាណិជ្ជកម្មនឹងដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលទិន្នន័យថ្មី ដើម្បីប្រមូលនិងធ្វើវិភាគចំពោះទិន្នន័យធំខាងពាណិជ្ជកម្ម។
មិនថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា ឬកិច្ចព្រមព្រៀង RCEP ក៏ដោយ និយាយចំពោះសហគ្រាសនៃប្រទេសទាំងពីរចិន និងកម្ពុជា សុទ្ធតែអាចកាត់បន្ថយចំណាយថ្លៃដើមនៃផលិតកម្ម ហើយចំពោះអ្នកប្រើប្រាស់នៃប្រទេសទាំងពីរចិន និងកម្ពុជាវិញ គឺអាចទទួលផលិតផលមានគុណភាព និងតម្លៃថោក។ ជាពិសេស ក្នុងបរិបទដែលជំងឺកូវីដ១៩ នៅតែរីករាលដាល កិច្ចព្រមព្រៀងទាំងពីរនេះនឹងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់កម្ពុជា ក្នុងការបង្កើននិងលើកកម្ពស់កម្រិតសេដ្ឋកិច្ច ក៏ដូចជាផ្តល់ជំនួយសម្រាប់ឱ្យកម្ពុជា សម្រេចបាននូវគោលដៅរយៈពេលមធ្យម និងយូរអង្វែងនៃការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ៕ (#CCFR Comment#)