(ម៉ិកស៊ីកូ ស៊ីធី)៖ ប្រធានាធិបតីម៉ិកស៊ិក លោក អាន់ទ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) បានអះអាងជាថ្មីឡើងវិញពីបំណង ផ្ដល់សិទ្ធិជ្រកកោន ក៏ដូចជាស្នើសុំការលើកលែងទោសដល់ស្ថាបនិកគេហទំព័រ WikiLeaks លោក Julian Assange កាលពីឆ្នាំ២០២១កន្លងទៅ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២។
ការលើកឡើងខាងលើរបស់លោក Andres Manuel Lopez Obrador ធ្វើឡើងនៅក្នុងសន្នីសិទសារព័ត៌មានមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីម៉ិកស៉ិករូបនេះបានបញ្ជាក់ដូច្នេះថា «វាគឺជាកាយវិការសាមគ្គីភាព និងភាតរភាពក្នុងការអនុញ្ញាត និងផ្ដល់សិទ្ធិជ្រកកោនសម្រាប់គាត់ (លោក Julian Assange) នៅក្នុងប្រទេសមួយដែលលោក Assange សម្រេចចិត្តចង់រស់នៅ ក្នុងនោះរួមមានទាំងម៉ិកស៉ិកផងដែរ»។
លោក Lopez Obrador បន្ថែមថាលោកក៏បានធ្លាប់បានសរសេរលិខិតមួយច្បាប់ផ្ញើជូនអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីស្នើសុំ ការលើកលែងទោសឱ្យលោក Assange ដែរ ប៉ុន្តែខាងម៉ិកស៊ិកមិនបានទទួលលិខិតឆ្លើយតបពីសហរដ្ឋអាមេរិកនោះទេ។
គួរបញ្ជាក់ថា លោក Julian Assange ដែលបច្ចុប្បន្នជាប់ឃុំក្នុងចក្រភពអង់គ្លេស កំពុងប្រឈមមុខនឹងការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនឈ្នះលើបណ្ដឹងឧទ្ធរណ៍មួយពាក់ព័ន្ធនឹងការធ្វើបត្យាប័នស្ថាបនិកគេហទំព័រ WikiLeaks រូបនេះ។ លោក Julian Assange ត្រូវបាន អាជ្ញាធរអាមេរិកចោទប្រកាន់ពីបទល្មើសចំនួន១៨ករណី ជុំវិញការបញ្ចេញព័ត៌មានសម្ងាត់ទាក់ទិននឹងយោធាអាមេរិក៕