(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៤០៨,៨៧៤នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧០៨នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥៧,០៧៥,៥០៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៤៨,៨២៦នាក់ និងជាសះស្បើយឡើងសរុបជាង ៤១.៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
អាជ្ញាធរសុខាភិបាលនៃសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានអនុម័តឲ្យប្រើប្រាស់ហើយ នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 «ដូសជំរុញ» របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ក្មេងៗអាយុ ១២ឆ្នាំ ហើយក៏បានកាត់បន្ថយគម្លាតសម្រាប់ការចាក់វ៉ាក់សាំង «ដូសជំរុញ» នេះពី ៦ខែ មកនៅត្រឹម ៥ខែវិញផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥០៨លានដូស ក្នុងនោះប្រជាជន ២៤៣.៥២លាននាក់ (៧៣.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៤.២២លាននាក់ (៦២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៦៨.៧លាននាក់ (២០.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕