(សៅ ប៉ាវឡូ)៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភា្លមៗ ជាមួយអាការឈឺពោះខ្លាំងដែលក្រុមគ្រូពេទ្យរកឃើញថា បង្កឡើងដោយការស្ទះផ្នែកមួយនៃពោះវៀន ហើយអាចនឹងប្រឈមមុខនឹងការវះកាត់ ខណៈនៅសល់ ៩ខែទៀត ការបោះឆ្នោតប្រធានាធិបតីនឹងចូលមកដល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២។
លោក Bolsonaro មានអាយុ ៦៦ឆ្នាំ បានសម្រាកវិស្សមកាលរយៈពេលខ្លីនៅឯតំបន់ឆ្នេរនៃរដ្ឋ Santa Catarina ស្ថិតនៅភាគខាងត្បូងប្រទេសប្រេស៊ីល នៅពេល អាការឈឺពោះរើឡើង ហើយនេះជាបញ្ហាសុខភាពលើកចុងក្រោយបំផុតចាប់តាំងពីលោកត្រូវបានគេចាក់ចំពោះបណ្ដាលឱ្យរបួស អំឡុងការធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៨ ដែលនាំរូបលោកឡើងកាន់អំណាចមកទល់សព្វថ្ងៃ។ ថ្លែងនៅក្នុងសារមួយបង្ហោះលើ Twitter កាលពីថ្ងៃចន្ទដើម សប្ដាហ៍នេះ លោក Bolsonaro បានបញ្ជាក់ថាលោកមានសុខភាពល្អធម្មតា ហើយក្រុមគ្រូពេទ្យកំពុងតាមដានបន្ត ដើម្បីធ្វើការសម្រេចចិត្តថាតើលោកគួរតែត្រូវ ទទួលការវះកាត់ ដែរឬក៏យ៉ាងណា។
គួរបញ្ជាក់ថា លោក Jair Bolsonaro កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង សៅ ប៉ាវឡូ (Sao Paulo) ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល លោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យតាមយន្ដហោះប្រធានាធិបតី៕