(វ៉ាស៊ីនតោន)៖ នៅក្នុងឆ្នាំ២០២២នេះ, សហភាពអឺរ៉ុបនឹងត្រូវប្រឈមមុខនឹងបញ្ហាប្រឈមដ៏លំបាកៗជាច្រើន។ បញ្ហាទាំងនោះរួមមានការកើនឡើងករណីឆ្លង COVID-19 ប្រចាំថ្ងៃបង្កឡើងដោយមេរោគបំប្លែងថ្មី Omicron, ភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ី, វិបត្តិជនអន្តោប្រវេសន៍នៅតាមបណ្ដាប្រទេសអឺរ៉ុបខាងកើត ដែលមានព្រំដែនជាប់ជាមួយបេឡារុស និងការរក្សាផលប្រយោជន៍របស់ខ្លួនដែលគៀបនៅចំកណ្ដាលនៃការប្រកួតប្រជែងរវាងអាមេរិក និងចិន។
នៅក្រោមអាណត្តិអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលតែងតែតម្កល់ប្រយោជន៍អាមេរិកជាធំ បណ្ដាប្រទេសអឺរ៉ុបបានដឹងខ្លួនកាន់តែច្បាស់ថា ពួកគេមិនអាចបន្តពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោនបានទៀតនោះ ហើយការយល់ឃើញបែបនេះត្រូវបានក្រុមមន្ត្រីអឺរ៉ុបយល់ថាជារឿងត្រឹមត្រូវ បន្ទាប់ពីការបរាជ័យ របស់អាមេរិក នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។
ក្រុមមន្ត្រីអឺរ៉ុបភាគច្រើនយល់ស្របដូចគ្នាថាបញ្ហាទាំងឡាយដែលសហភាពអឺរ៉ុបកំពុងប្រឈមមុខ ចាំបាច់ត្រូវតែដោះស្រាយដោយខ្លួនឯង ប៉ុន្តែវាមិនមែនជារឿង ងាយស្រួលនោះទេ ក្នុងការស្វែងរកយុទ្ធសាស្ត្រ ឬគោលនយោបាយការបរទេសរួម នៃប្លុកលោកខាងលិចដែលមានប្រទេសជាង ២៧មួយនេះ។ ដ្បិតក្នុងចំណោមប្រទេសជាសមាជិកសហភាពអឺរ៉ុបខ្លះដូចជាហុងគ្រី និងប៉ូឡូញជាដើម ត្រូវបានគេមើលឃើញថាមានជំហរប្រឆាំងនឹងគោលនយោបាយ សហភាពអឺរ៉ុបបាត់ទៅហើយ។
បញ្ហាផ្ទៃក្នុងមួយនេះ វាបាន និងកំពុងបង្កើតបញ្ហាសម្រាប់សហភាពអឺរ៉ុប ខណៈប្រទេសជាគូប្រជែងរួមមាន ចិន និងរុស្ស៊ីកាន់តែខិតជិតគ្នា និងស្វែងរកចំណុចរួម ដើម្បីទប់ទល់ជាមួយអាមេរិក និងលោកខាងលិច។ តួយ៉ាង អតីតនាយករដ្ឋមន្ត្រីលីទុយអានី និងបច្ចុប្បន្នជាសមាជិកសភាអឺរ៉ុប លោក អាន់ឌ្រីយូស គូប៊ីលីយូស(Andrius Kubilius) ធ្លាប់បានលើកឡើងថារុស្ស៊ីតែងតែកេងចំណេញឱកាសពីភាពមិនចុះសម្រុងគ្នានេះ ដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសដែលជា សមាជិក តែមិនមែនជាមួយស្ថាប័នអឺរ៉ុបទាំងមូលនោះទេ ដ្បិតពួកគេគិតថាស្ថាប័នអឺរ៉ុបមានជំហរប្រឆាំងខ្លាំងនឹងពួកគេ ជាងប្រទេសជាសមាជិកនីមួយៗ។
ក្នុងកិច្ចប្រជុំនៅខែមីនាខាងមុខ បណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាអឺរ៉ុប នឹងចុះហត្ថលេខាលើយុទ្ធសាស្ត្រដ៏មានមហិច្ឆតាថ្មីមួយ ឬយុទ្ធសាស្ត្រត្រីវិស័យ «Strategic Compass»។ «Strategic Compass» គឺជាយុទ្ធសាស្ត្រថ្មីមួយដឹកនាំ និងជួយសម្រួលដល់ការធ្វើការសម្រេចចិត្តនានាពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ និងការពារជាតិ ដែលនឹងផ្ដល់ឱ្យសហភាពអឺរ៉ុបនូវគោលនយោបាយយទ្ធសាស្ត្ររួម និងកងទ័ពអចិន្ត្រៃយ៍មួយ។ តែទោះជាបែបនេះក្ដី មានសំណួរមួយដ៏សំខាន់ នោះគឺថាតើអឺរ៉ុបពិតអាចលែងពឹងផ្អែកលើសហរដ្ឋអាមេរិក បានហើយឬនៅ?
បើតាមក្រុមអ្នកជំនាញអឺរ៉ុបភាគច្រើន អឺរ៉ុបទំនងជានឹងនៅតែបន្តពឹងផ្អែកលើសហរដ្ឋអាមេរិក ក្នុងរយៈពេលខ្លី ឬមធ្យម ដោយសារតែសន្តិសុខអឺរ៉ុបនៅតែត្រូវការ ការពារពីអង្គការ NATO ដែលមានអាមេរិកជាបងធំស្រាប់។ ម្យ៉ាងវិញទៀត បញ្ហាធំដែលអឺរ៉ុបខ្លួនឯងកំពុងប្រឈមមុខនឹង នោះគឺមិនមែនរុស្ស៊ី ឬចិននោះទេ តែ គឺការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី Omicron។ និយាយឱ្យងាយស្ដាប់ អឺរ៉ុបត្រូវតែដោះស្រាយវិបត្តិ COVID-19 ជាមុនសិន ទើបអាចរវល់ និងមានពេលច្រើន អនុវត្តយុទ្ធសាស្ត្រ និងរបៀបវារៈនៃនយោបាយការបរទេសរបស់ខ្លួន ហើយក្នុងឆ្នាំ២០២២នេះ វាអាចនឹងក្លាយជាឆ្នាំដែលធ្វើតេស្ដដ៏ធំមួយលើសហភាពអឺរ៉ុប ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយ និងបង្ហាញថាខ្លួនជាមហាអំណាចមួយដែលលែងពឹងផ្អែកទាំងស្រុងលើអាមេរិក៕
ប្រភព៖ CNN (ថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២)