(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ស្តីពីការផ្តល់សិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២២ ដែលបានកំណត់ចំណាយថវិកាខាងការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធថ្មីគឺ ៧៦៨.២ពាន់លានដុល្លារអាមេរិក ទោះបីជាបានគិតដល់កត្តាអតិផរណាក៏ដោយ ក៏វាគឺជាប្រាក់ចំណាយខាងយោធាដ៏ច្រើនបំផុតរបស់សហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមកផងដែរ។ នេះបានលាតត្រដាងម្តងទៀតនូវមុខមាត់ពិតប្រាករបស់អាមេរិកដែលជា «សកម្មជនបង្កសង្គ្រាម» និង «ឈ្មួញសព្វាវុធ» និងអាចបញ្ជាក់ថា វាគឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាពពិភពលោក។
កម្លាំងចលករដ៏ធំបំផុតក្នុងការល្មោភសង្គ្រាមរបស់សហរដ្ឋអាមេរិកគឺផលប្រយោជន៍។ តាមស្ថិតិឱ្យដឹងថា នៅឆ្នាំ២០២០ ឈ្មួញសព្វាវុធរបស់សហរដ្ឋអាមេរិកបានបរិច្ចាគប្រាក់ជាង ៤៧លានដុល្លារអាមេរិក ដល់អ្នកនយោបាយនិងសកម្មភាពនយោបាយ។ ក្រោមការនិយាយបញ្ចុះបញ្ចូលរបស់ក្រុមផលប្រយោជន៍ ចំណាយថវិកាខាងយោធារបស់សហរដ្ឋអាមេរិក បានកើនឡើងជាសន្សឹមៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពេលឈ្មួញសព្វាវុធអាចគ្រប់គ្រងមជ្ឈដ្ឋាននយោបាយ ពេលអគារបញ្ចកោណនិងឈ្មួញសព្វាវុធគប់គិតគ្នា ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន នោះ ចំណាយថវិកាខាងយោធាដែលបានបំបែកកំណត់ត្រាថ្មី ត្រូវរដ្ឋសភាអាមេរិកអនុម័តយ៉ាងរលូន ក៏មិនមែនជារឿងប្លែកនោះទេ។
បច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិកបានជំពាក់បំណុលជាច្រើន ជំងឺកូវីដ១៩ បានរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិក ហើយអ្នកមានចំណូលទាបបានរងផលប៉ះពាល់យ៉ាងខ្លាំងពីអតិផរណា ប៉ុន្តែរដ្ឋាភិបាលអាមេរិកបែរជាប្រមូលផ្តុំប្រាក់ទុនទៅលើថវិកាយោធា នេះមុខជានឹងបណ្តាលឱ្យសេវាកម្មមូលដ្ឋានក្នុងការបំពេញ តាមតម្រូវការជាបន្ទាន់របស់ប្រជាជនត្រូវបានកាត់បន្ថយ ហើយជីវភាពរស់នៅរបស់ពលរដ្ឋអាមេរិកសាមញ្ញ នឹងមានភាពកាន់តែលំបាកពីមួយថ្ងៃទៅមួយថ្ងៃ។ ការសប្បាយរីករាយនៃអគារបញ្ចកោណ គឺបង្កើតលើភាពឈឺចាប់របស់ប្រជាជនសាមញ្ញ ។
ចំពោះអន្តរជាតិ សេចក្តីព្រាងច្បាប់នេះបានបង្កើនការព្រួយបារម្ភរបស់ពិភពលោក ចំពោះការបន្តបង្ករឿងហេតុរបស់សហរដ្ឋអាមេរិក ដែលជាប្រទេសនិយមបង្កសង្គ្រាមនេះ។ អ្វីដែលគួរឱ្យយកចិត្តទុកដាក់នោះគឺ ក្នុងថវិកាចំណាយខាងការពារជាតិនៅឆ្នាំសារពើពន្ធ២០២២ របស់សហរដ្ឋអាមេរិកមាន ២៧.៨ពាន់លានដុល្លារអាមេរិក នឹងប្រើប្រាស់ទៅលើគម្រោងអាវុធនុយក្លេអ៊ែរ។ សហរដ្ឋអាមេរិកមានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំបំផុត និងជឿនលឿនបំផុតលើពិភពលោក បច្ចុប្បន្ននេះបានបោះទុនច្រើនលើសលុប សម្រាប់អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ នេះគ្មានអ្វីគួរឱ្យសង្ស័យឡើយមុខជា នឹងធ្វើឱ្យការប្រកួតប្រជែងខាងសព្វាវុធនុយគ្លេអ៊ែរកាន់តែខ្លាំងឡើង និងបំផ្លាញដល់ស្ថិរភាពយុទ្ធសាស្ត្រសកល ។
ក្រៅពីនេះ សេចក្តីព្រាងច្បាប់នេះក៏មានខ្លឹមសារសំដៅចំពោះប្រទេសចិន ដែលបង្ហាញយ៉ាងពេញលេញនូវគំនិតសង្គ្រាមត្រជាក់ និងការលំអៀងខាងមនោគមវិជ្ជា ។ អ្វីដែលហៅថា «ឆ្លើយតបនឹងការសាកល្បងពីប្រទេសចិន» គ្រាន់តែជាលេសដ៏ចាំបាច់ដែលសហរដ្ឋអាមេរិក យកទៅបន្ថែមថវិកាយោធានិងពង្រីកកម្លាំងយោធា ដែលបានបង្កប់នូវពុតត្បុតក្នុងការស្វែងរកអនុត្តរភាព និងទប់ស្កាត់ការអភិវឌ្ឍរបស់ចិន ។
ថវិកាយោធារបស់សហរដ្ឋអាមេរិកបានកើនឡើងយ៉ាងច្រើនម្តងទៀត គម្រោងជីវភាពរស់នៅរបស់ប្រជាជនត្រូវបានរាំងស្ទះជាញឹកញាប់។ សហរដ្ឋអាមេរិកបែបនេះ មិនគ្រាន់តែជាទុក្ខព្រួយរបស់ប្រជាជនអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏ជាការគំរាមកំហែងដ៏ធំបំផុត ចំពោះសន្តិភាពពិភពលោកផងដែរ៕