(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសដកប្រទេសអេត្យូពី, ម៉ាលី និងហ្គីណេ ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម អាមេរិក-អាហ្វ្រិក ដោយសំអាងថាប្រទេសទាំង៣នេះ បានរំលោភបំពានគោលការណ៍នៃកិច្ចព្រមព្រៀងនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) តំណាងពាណិជ្ជកម្មអាមេរិក បានបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក នៅថ្ងៃនេះបានសម្រេចដកអេត្យូពី, ម៉ាលី និងហ្គីណេ ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម AGOA ដោយសារតែសកម្មភាពរបស់រដ្ឋាភិបាល ទាំង៣ នាពេលកន្លងមកបានបំពានលើលក្ខន្តិកៈនៃកិច្ចព្រមព្រៀង AGOA»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម AGOA ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ ក្រោមអតីតរដ្ឋបាលនៃអតីតប្រធានាធិបតីអាមេរិក លោក ប៊ីល គ្លីនតុន (Bill Clinton) ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងអាមេរិក និងអាហ្វ្រិក៕