(តែល អាវីវ)៖ យោធាអ៉ីស្រាអែល នៅព្រឹកថ្ងៃអាទិត្យនេះ បានបើកការវាយប្រហារតាមផ្លូវអាកាសលើគោលដៅជាច្រើន របស់ក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា ជាការសងសឹកទៅនឹងគ្រាប់រ៉ក្កែត ២គ្រាប់ ដែលត្រូវបានបាញ់ចេញពីហ្កាហ្សា ចូលមកក្នុងទឹកដីរបស់ខ្លួនកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០២១។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានខ្លីមួយ យោធាអ៉ីស្រាអែលបានបញ្ជាក់យ៉ាងខ្លីថាពួកគេពិតជាបានបើកការវាយប្រហារតាមផ្លូវអាកាស លើមូលដ្ឋានជាច្រើនកន្លែង របស់ក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា។ ការវាយប្រហារនេះគឺមានគោលដៅលើមូលដ្ឋានកងពលតូច អាល់ កសឹម (al-Qassam) ស្ថិតភាគខាងលិចនៃតំបន់ ខាន់ យូនីស (Khan Yunis) នៃភាគខាងត្បូងតំបន់ហ្កាហ្សា។
ប៉ុន្តែទាំងខាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ មិនមានការបញ្ជាក់ពីទំហំនៃការបំផ្លិចបំផ្លាញ ឬក៏ជនរងគ្រោះណាម្នាក់នោះទេ៕