(គូឡាឡាំពួ)៖ អាជា្ញធរម៉ាឡេស៊ីបានប្រកាសថា ចូហូ (Johor) នឹងក្លាយជារដ្ឋចុងក្រោយគេនៃឧបទ្វីបម៉ាឡេស៊ី ដែលនឹងទទួលរងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់ ហើយពេលនេះអាជ្ញាធរបាននិងកំពុង ជម្លៀសប្រជាជនមួយចំនួននៅក្នុងរដ្ឋនេះ ទៅរកទីកន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មា AFP នាល្ងាចថ្ងៃសៅរ៍ ទី០១ ខែមករា ឆ្នាំ២០២២។
បើតាមអាជ្ញាធរម៉ាឡេស៊ី មនុស្សជាង ៦៥០នាក់ហើយត្រូវបានជម្លៀស នៅក្នុងស្រុក សេហ្គាម៉ាត់ (Segamat) នៃរដ្ឋ Johor គិតត្រឹមល្ងាចថ្ងៃសៅរ៍នេះ ខណៈមជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្នចំនួន ៩កន្លែង ត្រូវបានបើកដំណើរការរួចជាស្រេច ដើម្បីត្រៀមទទួលប្រជាជនបន្ថែមទៀត។
ក្រៅពីរដ្ឋ Johor រដ្ឋបីផ្សេងទៀតដូចជា ប៉ាហាង (Pahang), មេឡាកា (Melaka) និង ណេហ្គឺរី សឹមប៊ីឡាន (Negeri Sembilan) សុទ្ធតែកំពុងមើលឃើញសញ្ញានៃគ្រោះទឹកជំនន់ និងបង្ខំឲ្យប្រជាជនជម្លៀសខ្លួន ទៅរកទីកន្លែងមានសុវត្ថិភាព ក្រោយពីអាជ្ញាធរឧតុនិយមបានព្យាករថា ភ្លៀងនឹងធ្លាក់យ៉ាងគំហុកបន្ថែមទៀត ចាប់ពីចុងសប្តាហ៍នេះ រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា តំបន់មួយចំនួននៃឧបទ្វីបម៉ាឡេស៊ី ដែលមានរដ្ឋធានីគូឡាឡាំពួនៅក្នុងនោះ បានទទួលរងគ្រោះទឹកជំនន់យ៉ាងដំណំម្តងរួចមកហើយ ក្រោយពីបានទទួលរងភ្លៀងធ្លាក់យ៉ាងដំណំ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ និងត្រូវបានមន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ីចាត់ទុកថា ជាគ្រោះមហន្តរាយទឹកជំនន់ ដ៏អាក្រក់បំផុតមិនធ្លាប់មាន នៅក្នុងរយៈពេល ១០០ឆ្នាំមកនេះ៕