(ឡុងដ៍)៖ អាជ្ញាធរចក្រភពអង់គ្លេស បានបញ្ចេញរបាយការណ៍ចុងក្រោយរបស់ខ្លួន ក្រោយពីបានធ្វើការបូកសរុប និងប្រៀបធៀបស្ថានការណ៍ COVID-19 ថា ហានិភ័យនៃការចូលសម្រាកមន្ទីរពេទ្យ បង្កឡើងដោយមេរោគបំប្លែងថ្មី អូមីក្រុង (Omicron) គឺស្មើនឹង ១ ភាគ ៣ នៃហានិភ័យដែលបង្កឡើងដោយមេរោគបំប្លែងខ្លួន ដែលតា (Delta)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាល្ងាចថ្ងៃសៅរ៍ ទី០១ ខែមករា ឆ្នាំ២០២២។
ការបញ្ចេញរបាយការណ៍ខាងលើនេះ បានកើតមានឡើងក្រោយពីអាជ្ញាធរអង់គ្លេស បានធ្វើការប្រៀបធៀបទៅលើចំនួន នៃអ្នកឆ្លងវីរុសទាំងពីរប្រភេទនេះ ចំនួនជាង ១លានករណី នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ វាមិនខុសពីការរកឃើញនៅសហរដ្ឋអាមេរិក និងអាហ្វ្រិកខាងត្បូងនោះឡើយ ដោយក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្របានអះអាងថា Omicron អាចចម្លងបានយ៉ាងលឿនរហ័សជាង Delta ប៉ុន្តែអត្រាចូលសម្រាកមន្ទីរពេទ្យ បង្កឡើងដោយវីរុសបំប្លែងថ្មីនេះ គឺនៅទាបជាង Delta ប៉ុន្តែពួកគេមិនទាន់អាចបញ្ជាក់ អំពីភាគរយជាក់លាក់នោះឡើយ។
យ៉ាងណាក៏ដោយ ការបញ្ចេញទិន្នន័យជាក់ស្តែងអំពីភាគរយនៃហានិភ័យ បង្កឡើងដោយ Omicron បើធៀបនឹង Delta ដោយចក្រភពអង់គ្លេសពេលនេះ គឺជាលើកទី ១ ហើយសម្រាប់ពិភពលោក ដែលកំពុងប្រឈមមុខនឹងករណីឆ្លង Omicron យ៉ាងគំហុកនោះ។ ចក្រភពអង់គ្លេសកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក៏បានប្រកាសអំពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗរហូតដល់ទៅ ១៨៩,៨៤៦ករណីផងដែរ នៅក្នុងរយៈពេល ២៤ម៉ោង និងជាការបំបែកកំណត់ត្រានៃការឆ្លងជំងឺនេះ «ខ្ពស់បំផុតក្នុង១ថ្ងៃ» សម្រាប់រយៈពេល ៣ថ្ងៃជាប់ៗគ្នា៕