(ប៉ារីស)៖ នៅក្នុងឱកាសនៃការថ្លែងសុន្ទរកថា សម្រាប់ស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល ២០២២ ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានរំលឹករឿងសំខាន់មួយ នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ថា ឆ្នាំ២០២២ នឹងក្លាយជា «ចំណុចរបត់ថ្មីមួយ» សម្រាប់សហភាពអឺរ៉ុប (EU)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃសៅរ៍ ទី០១ ខែមករា ឆ្នាំ២០២១។
ការថ្លែងរបស់មេដឹកនាំបារាំងវ័យ ៤៤ឆ្នាំរូបនេះ បានកើតមានឡើង ខណៈដែលប្រទេសបារាំង នៅសល់ពេលតែ ៤ខែទៀតប៉ុណ្ណោះ ដែលត្រូវត្រៀមសម្រាប់ការរៀបចំបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី។ លោក ម៉ាក្រុង ត្រូវបានគេមើលឃើញថា កំពុងស្វះស្វែងដើម្បីស្វែងរកសំឡេងគាំទ្រពីពលរដ្ឋ ដើម្បីឈានទៅទទួលជ័យជម្នះសម្រាប់អាណត្តិទី ២ ទៀត បើទោះបីជាការស្ទង់មតិកន្លងមកនេះបានបង្ហាញថា ប្រជាប្រិយភាពរបស់លោក ហាក់ស្តួចស្តើងជាងមុនក៏ដោយ។
នៅក្នុងសុន្ទរថាស្វាគមន៍ឆ្នាំ ២០២២ នោះទៀតសោត លោក ម៉ាក្រុង ដែលត្រូវគេស្គាល់យ៉ាងច្បាស់ថា ជាមេដឹកនាំស្មោះស្ម័គ្របំផុតទៅនឹងមាគ៌ា EU នោះ ក៏បានកោតសរសើរផងដែរ ចំពោះតួនាទីរបស់សហភាពនេះ ក្នុងការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងប្លុកអឺរ៉ុបទាំងមូល ខណៈផែនការផ្តល់ជំនួយសម្រាប់ការជំរុញ សន្ទុះអភិវឌ្ឍសេដ្ឋកិច្ចបារាំងឡើងវិញ នឹងត្រូវដាក់ចេញនៅក្នុងឆ្នាំ ២០២២ តែម្តង។
គួរបញ្ជាក់ថា ចំពោះពាក្យ «ចំណុចរបត់ថ្មីមួយ» ដែលលោក ម៉ាក្រុង បានលើកឡើងក្នុងការថ្លែងសុន្ទរថាចេញពីវិមាន អេលីហ្សេ (Elysee) រយៈពេល ១៣នាទីនោះ គឺចង់់សំដៅទៅលើការរួបរួមគ្នា ពីបណ្តាប្រទេសជាសមាជិក EU ឡើងវិញ ដើម្បីដោះស្រាយការបែងចែក និងការមិនចុះសម្រុងគ្នា ដែលបានកើតមានឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ៕